អន្តរជាតិ

កូរ៉េខាងត្បូងលើកទឹកចិត្តផ្តល់លុយ១០៥០០ដុល្លារដល់គ្រួសារណាដែលមានកូនដំបូង

កូរ៉េខាងត្បូងលើកទឹកចិត្តប្រជាជនសម្រាប់ការមានកូនច្រើន ខណៈគ្រួសារណាដែលមានកូនដំបូង​នឹងទទួលបាន​ប្រាក់ឧបត្ថម្ភប្រមាណជាង១ម៉ឺនដុល្លារ។

តាមការចុះផ្សាយដោយសារព័ត៌មានអាល់ចាហ្សេរ៉ា បានចុះធ្វើបទសម្ភាសន៍ផ្ទាល់ជាមួយប្រជាជននាពេលថ្មីៗនេះ។ គ្រួសារលោក Kwon ដែលជាជនជាតិកូរ៉េខាងត្បូងធ្វើការជាអ្នកផ្សាយនៅស្ថានីយវិទ្យុក្នុងស្រុកបានប្រាប់ Al Jazeera ថា “ការចិញ្ចឹមកូនក្នុងប្រទេសកូរ៉េគឺងាយស្រួល និងសល់លុយ ប្រសិនបើអ្នកមិនទិញរបស់ដែលមិនចាំបាច់ ហើយទាញយកអត្ថប្រយោជន៍ពីការគាំទ្រពីរដ្ឋាភិបាល”។ លោកបានប្រាប់ថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានជួយប្រជាជនច្រើនណាស់ទាក់ទងនឹងការបីបាច់រក្សាកូន។ ចំពោះកូនដំបូង រដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភប្រមាណជា ១០៥០០ដុល្លារអាម៉េរិក ហើយសម្រាប់ប្រដាប់ប្រដាក្មេងលេងក៏មិនគិតថ្លៃដែរ។

“វាជាការល្អដែលរដ្ឋាភិបាលផ្តល់ការគាំទ្រមួយចំនួនសម្រាប់គ្រួសារដែលដឹងរួចហើយថាពួកគេចង់បានកូន ប៉ុន្តែមានកត្តាផ្សេងទៀតដែលត្រូវពិចារណានៅពេលនិយាយអំពីការដោះស្រាយបញ្ហា​អត្រាកំណើតទាប”។ ជាមួយនឹងអត្រាកំណើតទាបបំផុតរបស់ពិភពលោក កូរ៉េខាងត្បូងប្រឈមមុខនឹងគ្រោះមហន្តរាយសេដ្ឋកិច្ច និងប្រជាសាស្រ្ត។ នៅឆ្នាំ ២០២២ ចំនួនទារកជាមធ្យមដែលរំពឹងទុកសម្រាប់ស្ត្រីកូរ៉េខាងត្បូងបានធ្លាក់ចុះមកត្រឹម ០.៧៨ ធ្លាក់ចុះពីកម្រិតទាបបំផុតនៃ ០.៨១ កាលពីឆ្នាំ២០២១។ ចាប់តាំងពីឆ្នាំ ២០២២ មក ម្តាយៗបានទទួលប្រាក់ឧបត្ថម្ភជាសាច់ប្រាក់ចំនួន ២ លានវ៉ុន (១៥១០ ដុល្លារ) នៅពេលកើតកូនភ្លាមៗ ច្រើនជាងនៅប្រទេសបារាំងសង្គមនិយមដ៏ល្បីល្បាញទៅទៀត។ គ្រួសារទទួលបាន ៧០០០០០ វ៉ុន (៥២៨ ដុល្លារ) ជាសាច់ប្រាក់ក្នុងមួយខែសម្រាប់ទារករហូតដល់អាយុ ១ ឆ្នាំ និង ៣៥០០០០ វ៉ុន (២៦៤ ដុល្លារ) ក្នុងមួយខែសម្រាប់ទារកអាយុក្រោម ២ ឆ្នាំ។  ការទូទាត់ទាំងនេះ នឹងកើនឡើងបន្ថែមទៀតដល់ ១ លានវ៉ុន (៧៥៥ ដុល្លារ) និង ៥០០,០០០ វ៉ុន (៣៧៧ ដុល្លារ។ ) រៀងគ្នាក្នុងឆ្នាំ ២០២៤៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា