សន្ដិសុខសង្គម

អាជ្ញាធរខេត្តបាត់ដំបងត្រៀមកម្លាំងជិត ១០០០នាក់ការពារពិធីចូលសង្ក្រាន្តឆ្នាំថ្មី

បាត់ដំបង÷ អាជ្ញាធរខេត្តបាត់ដំបងត្រៀមប្រើប្រាស់កម្លាំងជិត ១០០០នាក់​ការពារគោលដៅសំខាន់ៗក្នុងពិធីសង្ក្រាន្តឆ្នាំថ្មីក្រុងបាត់ដំបង ដើម្បីសំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋបានសប្បាយរីករាយ។

យោងតាមផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣ រដ្ឋបាលខេត្តបានឲ្យដឹងថា÷ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ឆ្នាំ ២០២៣ នេះរដ្ឋបាលខេត្តបានត្រៀមកម្លាំង​គណ:បញ្ជាការឯកភាពសរុបចំនួន ៩៥០នាក់ ដោយបានបែងចែកផែនជាច្រើនដើម្បីចូលរួមការពារ​រក្សាសេចក្តីសុខសុវត្ថិភាពឲ្យបានល្អប្រសើរធានាសន្តិសុខជូនបងប្អួនប្រជាពលរដ្ឋបានដើរលេងកម្សាន្ត និងសប្បាយរីករាយរហូតចប់កម្មវិធី។

ប្រភពខាងលើបន្ត÷ ក្រៅពីកម្លាំងចម្រុះដែលបានឈរជើងប្រចាំការនៅតាមបណ្តាស្រុកនានា​ជុំវិញទីប្រជុំជនក្រុង នៅមានកន្លែងជាច្រើនទៀត ពិសេសកម្លាំងត្រៀមបង្ការនៅក្នុងបរិវេណ​ប្រារព្វសង្ក្រាន្ត ដូចជានៅតាមមណ្ឌលកម្សាន្ត​ភូមិតន្ត្រីស្រុកស្រែ តន្ត្រីសម័យ មណ្ឌលអាហារនៃសេចក្តីស្រឡាញ់ ភូមិស.ស.យ.ក ភូមិម្ហូបខ្មែរ និងភូមិគុនខ្មែរជាដើម…។

ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៣ នេះថា÷ ចំពោះស្នងការដ្ឋាខេត្តបាត់ដំបងក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនេះ​បានប្រើប្រាស់កម្លាំងជាង ៧០០នាក់ បែងចែកផែនអន្តរាគមពន្លត់អគ្គិភ័យ បាញ់ទឹកជូនប្រជាពលរដ្ឋកម្សាន្តសប្បាយ ផែនអន្តរាគមន៍ និងល្បាត ក្រុមសង្គ្រោះបន្ទាន់ ក៏ដូចជាផែនល្បាត ពួនស្ទាក់ក្នុងភូមិសាស្ត្រស្រុកជាប់ក្រុងបាត់ដំបង មួយចំនួនទៀត៕

ដោយ: ព្រះអង្គខ្មៅ