អន្តរជាតិ

រុស្ស៊ី និងអ៊ុយក្រែនផ្លាស់ប្តូរអ្នកទោសគ្នាថ្មីជាង ២០០នាក់

រុស្ស៊ី និងអ៊ុយក្រែន ផ្លាស់ប្តូរអ្នកទោសសង្រ្គាមជាមួយគ្នាថ្មីជាង ២០០នាក់ ខណៈក្លាយជាការដោះដូរ​ចុងក្រោយបង្អស់ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម។

ការដោះដូរធ្វើឡើងដោយខាងអ៊ុយក្រែនទទួលបានអ្នកទោស១០០នាក់ និងខាងរុស្ស៊ីទទួលបានអ្នកទោស១០៦នាក់។ នៅក្នុងការបង្ហោះតាមបណ្តាញសារ Telegram កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ជំនួយការប្រធានាធិបតីអ៊ុយក្រែនលោក Andriy Yermak បាននិយាយថា ជនជាតិអ៊ុយក្រែនដែលត្រូវបានដោះលែងរួមមានអ្នកការពារនៅទីក្រុង Mariupol ភាគអាគ្នេយ៍ និងរោងចក្រដែក Azovstal របស់ខ្លួនដែលត្រូវបានចាប់ខ្លួននៅក្នុងសង្រ្គាម​នាពេលកន្លងទៅ។

សារព័ត៌មានរុស្ស៊ី Tass បានរាយការណ៍ថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុង​សេចក្តីថ្លែងការណ៍មួយថា “នៅថ្ងៃទី ១០ ខែមេសា ជាលទ្ធផលនៃដំណើរការចរចា ទាហានរុស្ស៊ី ១០៦ នាក់ត្រូវបានបញ្ជូនត្រឡប់ពីទឹកដីដែលគ្រប់គ្រងដោយរបប Kiev ដែលស្ថិតក្នុងគ្រោះថ្នាក់ស្លាប់ ជាប់ឃុំ”។ ក្រសួងបាននិយាយថា ជនជាតិរុស្ស៊ីដែលត្រូវបានដោះលែងនេះ នឹងត្រូវបញ្ជូនទៅទីកាន់ក្រុងមូស្គូ ជាកន្លែងដែលពួកគេនឹងត្រូវបានផ្តល់ការព្យាបាល និងស្តារនីតិសម្បទា៕

ប្រភព៖  REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា