អន្តរជាតិ

រុស្ស៊ីថា៧៥ភាគរយនៃទីក្រុងបាក់មុតខេត្តដូណេតគឺគ្រប់គ្រងដោយខ្លួន

រុស្ស៊ីនិយាយថា ខ្លួននៅតែបានគ្រប់គ្រង៧៥%នៃទីក្រុងបាក់មុតខេត្តដូណេតភាគខាងកើតអ៊ុយក្រែន បើទោះបីជានៅរយៈពេលចុងក្រោយនេះមានដំណឹងថាអ៊ុយក្រែនហាក់ឡើងប្រៀប និងពិបាកក្នុងការវាយចូលក៏ដោយ។

ប្រធាន​ផ្នែក​គ្រប់គ្រង​ដោយ​រុស្ស៊ី​នៃ​តំបន់ខេត្ត Donetsk របស់​អ៊ុយក្រែន​បាន​និយាយ​ថា កងកម្លាំង​រុស្ស៊ី​បាន​គ្រប់គ្រង​ជាង ៧៥ ភាគរយ​នៃ Bakhmut។ លោក Denis Pushilin បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ Rossiya-24 ថា “ខ្ញុំអាចនិយាយដោយភាពប្រាកដប្រជាថា ជាង ៧៥ ភាគរយនៃទីក្រុងគឺពិតជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គភាពរបស់យើង” ទោះបីជាមានការព្រមានថាវាលឿនពេកក្នុងការនិយាយអំពីការដួលរលំនៃកងទាហានរុស្ស៊ីនៅ Bakhmut ក៏ដោយ។

ខណៈពេលដែលការប្រយុទ្ធគ្នានៅតែបន្ត អ៊ុយក្រែននៅតែអាចឈរជើងទប់ទល់យ៉ាងស្វាហាប់​ជាមួយទាហានស៊ីឈ្នួលរុស្ស៊ី ។រុស្ស៊ីនិយាយថា ការចាប់យកទីក្រុង Bakhmut នឹងបើកលទ្ធភាពសម្រាប់ការវាយលុកនាពេលអនាគតនៅទូទាំងប្រទេសអ៊ុយក្រែន តែត្រូវតែប្រយ័ត្នឲ្យមែនទែនពីយុទ្ធសាស្រ្តវាយសន្សឹមៗបន្ថយកម្លាំងរបស់អ៊ុយក្រែន។ មេទាហានស៊ីឈ្នួលរុស្ស៊ីសុំឲ្យរដ្ឋាភិបាលវិមានក្រឹមឡាំងមានការយកចិត្តទុកដាក់ឲ្យបានដិតដល់ទៅលើការប្រមូលផ្តុំទ័ព និងការបញ្ជូនគ្រឿងសព្វាវុធ៕

ប្រភព៖  REUTERS

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា