សន្ដិសុខសង្គម

ប្រទះឃើញសពបុរសម្នាក់អណ្តែតតាមទឹកមកជាប់ក្បែរកំប្លោកទន្លេបាសាក់

ភ្នំពេញ៖ប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់ ដែលមានសភាពហើមស្អុយទៅហើយ បានអណ្តែតតាមទឹកមកជាប់ក្បែរកំប្លោកនៅដងទន្លេបាសាក់។ករណីបង្កមានការភ្ញាក់ផ្អើលនេះ​ឋិតនៅមាត់ទន្លេ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីរសៀលថ្ងៃទី១០ ខែមេសា។

សាកសពបុរសនោះគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ មានមាឌធំអាយុប្រហែលជាង៣០ឆ្នាំ ពាក់អាវយឺតពណ៌ខ្មៅ ខោខៀវជើងខ្លី សម្បុរស្រអែម កម្ពស់១ម៉ែត្រ៦០។

ពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ ពួកគាត់បានប្រទះឃើញសាកសពបុរសម្នាក់ហើមស្អុយ​អណ្តែតក្នុងទឹកទន្លេមកជាប់កំប្លោកក្បែរមាត់ច្រាំង ក៏រាយការណ៍ទៅនគរបាលតែម្តង។ក្រោយមកកម្លាំងមូលដ្ឋានបានសហការជាមួយជំនាញវិទ្យាសាស្រ្តបច្ចេកទេសរាជធានីភ្នំពេញ។

សមត្ថកិច្ចបានស្រង់សាកសពឡើងមកលើគោក ហើយនាំទៅតម្កល់នៅវត្តចាក់អង្រែក្រោម ដើម្បីធ្វើកោសល្យវិច័យ និងបន្តស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ៕ដោយ៖វិចិត្រ