សន្ដិសុខសង្គម

បញ្ចប់តំណែងអគ្គនាយករងនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលម្នាក់

ភ្នំពេញ៖សម្តចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ចប់មុខតំណែងមន្ត្រីនៃអគ្គនាយកដ្ឋាននៃរដ្ឋ​លេខាធិការដ្ឋាន​អាកាសចរស៊ីវិលម្នាក់ បន្ទាប់ពីប្រើអាវុធគំរាមកំហែងអ្នកដទៃ។

សម្តេចតេជោ ហ៊ុន សែន តាមរយៈតេឡេក្រាមបាន​ចេញ​អនុក្រឹត្យសម្រេចបញ្ចប់មុខតំណែងលោក បែល វ៉ាន់ដែត ពីអគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និងកិច្ចការទូទៅនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បន្ទាប់​ពី​បុគ្គល​រូប​នេះ អាងអំណាចហើយបានយកអាវុធទៅគំរាមកំហែងអ្នកទន់ខ្សោយកាលពីពេលកន្លងទៅ។

បន្ថែម​លើអនុក្រឹត្យនោះសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “បើតុលា​ការ​មិន​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ទេ​ទុក​ឱ្យ​ខ្ញុំដាក់​វិន័យ​តាម​ផ្លូវ​រដ្ឋសិន។​អាង​មាន​អំណាច​ប្រើប្រាស់​អាវុធ​គំរាម​អ្នក​ទន់​ខ្សោយ”​។ សម្តេចតេជោ ហ៊ុន សែនព្រមានថា“នេះជា​សារព្រមាន​ចំពោះ​មន្ត្រី​ទាំង​អស់​សូម​កុំអា​ង​អំណាច​ធ្វើ​បាប​អ្នកទន់ខ្សោយ ជាពិសេសសូមកុំប្រើប្រាស់អាវុធខុសច្បាប់”។

“សូមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការ សូមកុំឱ្យជនល្មើសប្រើប្រាស់អាវុធខុសច្បាប់​បាននៅក្រៅឃុំមុនពេលកាត់ទោស ដែលជននោះអាចតាមគំរាមកំហែងដល់អ្នកផ្សេងទៀត”៕ដោយ៖វិចិត្រ