សន្ដិសុខសង្គម

នាំគ្នាយករណារយន្តកាត់ដើមឈើ រលំសង្កត់បណ្ដាលឱ្យស្លាប់ម្នាក់

ស្ទឹងត្រែង៖បុរស២នាក់បាននាំគ្នាយករណារយន្តកាត់ដើមឈើក្នុងចម្ការមួយពេលរលំសង្កត់មនុស្សបណ្ដាលឱ្យស្លាប់ម្នាក់ និងម្នាក់ទៀតរួចផុតពីគ្រោះថ្នាក់។ហេតុការណ៍នោះបានកើតឡើងនៅម្តុំ ប្រឡាយចាស់ ភូមិអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីម៉ោង៩ព្រឹកថ្ងៃទី១១ ខែមេសា។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះអ៊ុង ឡាយ អាយុ៤២ឆ្នាំ នៅភូមិ ឃុំខាងលើ។ មុនកើតហេតុជនរងគ្រោះឈ្មោះអ៊ុង ឡាយ និងឈ្មោះអឿន រ៉ាន់ បាននាំគ្នាទៅកាត់ឈើនៅក្នុងចម្ការមួយដើម្បីអារយកមកទុកធ្វើផ្ទះ។ជនរងគ្រោះបានយករណារម៉ាស៊ីនកាត់ផ្ដួលឈើមួយដើមប្រភេទស្រឡៅមានមុខកាត់៦តឹកកម្ពស់៦ម៉ែត្រ។

ឈ្មោះ អឿនរ៉ាន់បានដើរចេញពីកន្លែងកាត់ឈើប្រហែល១០០ម៉ែត្រ។ពេលកាត់ដើមឈើដួលរលំរួចក៏ស្ងាត់សំឡេងមនុស្សនិងម៉ាស៊ីន។ឈ្មោះរ៉ាន់បានស្រែកហៅជនរងគ្រោះតែមិនឮឆ្លើយក៏ដើរមករកស្រាប់តែឃើញអ៊ុង ឡាយស្លាប់បាត់ទៅហើយដោយសារឈើសង្កត់៕ដោយ:សុខុម