អន្តរជាតិ

តៃវ៉ាន់បន្តរាយការណ៍ពីនាវាចម្បាំង និងយន្តហោះចិននៅជុំវិញកោះតៃវ៉ាន់នៅថ្ងៃអង្គារនេះ

តៃវ៉ាន់បន្តរាយការណ៍ពីនាវាចម្បាំង និងយន្តហោះរបស់ចិនធ្វើប្រតិបត្តិការនៅជុំវិញកោះ​ថាមិនទាន់ទៅណាទេនៅថ្ងៃអង្គារសប្តាហ៍នេះ។

ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយថា ខ្លួនបានរកឃើញនាវាចម្បាំងចិនចំនួន ៩ គ្រឿង និងយន្តហោះ ២៦ គ្រឿងនៅជុំវិញកោះនេះ គិតត្រឹមម៉ោង ១១៖០០ ព្រឹកម៉ោងក្នុងស្រុកថ្ងៃអង្គារទី១១ ខែមេសា ឆ្នាំ២០២៣។ ក្រសួងបាននិយាយថា ប្រទេសចិន “បានរៀបចំយន្តហោះយោធានៅព្រឹកនេះ ហើយបានឆ្លងកាត់ខ្សែបន្ទាត់មធ្យមពីភាគខាងជើង កណ្តាល និងភាគខាងត្បូង”។

សេចក្តីរាយការណ៍នេះកើតឡើងបន្ទាប់ពីសេចក្តីរាយការណ៍ថ្ងៃចន្ទ ដែលជាថ្ងៃចុងក្រោយនៃសមយុទ្ធចិន ក្រសួងបាននិយាយថា ខ្លួនបានរកឃើញនាវាចម្បាំងចិនចំនួន ១២ គ្រឿង និងយន្តហោះចំនួន ៩១ គ្រឿងនៅជុំវិញកោះនេះ ជាមួយនឹងយន្តហោះចំនួន ៥៤ គ្រឿងបានឆ្លងកាត់ចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសភាគនិរតី និងភាគអាគ្នេយ៍ (ADIZ) របស់តៃវ៉ាន់។ ការលុកលុយរបស់ ADIZ គឺជាកំណត់ត្រាខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃ​ចាប់តាំងពីខែតុលា ឆ្នាំ ២០២១។

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានថ្កោលទោសសមយុទ្ធយោធាចិនកាលពីថ្ងៃចន្ទ ប៉ុន្មានម៉ោងបន្ទាប់ពីចិនបានបញ្ចប់ជាផ្លូវការ ដោយនិយាយថា ប្រទេសចិនកំពុងប្រើប្រាស់ការចូលរួមរបស់តៃវ៉ាន់ជាមួយសហរដ្ឋអាម៉េរិកជា “លេសដើម្បីចាប់ផ្តើមសមយុទ្ធយោធា បង្កអស្ថិរភាពនៅតៃវ៉ាន់ និងក្នុងតំបន់”។ លោកស្រី Tsai បាននិយាយនៅក្នុងសារបង្ហោះនៅលើ Facebook ថា “ទោះបីជាសមយុទ្ធយោធារបស់ប្រទេសចិនបានដល់ទីបញ្ចប់ក៏ដោយ ប៉ុន្តែក្រុមយោធា និងសន្តិសុខជាតិរបស់យើងនឹងបន្តប្រកាន់ខ្ជាប់នូវតួនាទីរបស់ពួកគេ និងការពារប្រទេស”។ ជុំវិញសមយុទ្ធ និងភាពតានតឹងនេះ គេមិនទាន់បានរាយការណ៍ពីការប៉ះទង្គិចគ្នាណាមួយឡើយរវាងចិន និងកងកម្លាំងតៃវ៉ាន់៕

ប្រភព៖  RFI

ប្រភពរូប៖RFI
ប្រែសម្រួល៖សុខ តុលា