អន្តរជាតិ

ឆ្កែពេញវ័យមួយក្បាលទំហំប៉ុនក្រដាសលុយ១ដុល្លារតូចជាងគេក្នុងពិភពលោក

ដោយ៖ សហការី

ឆ្កែមួយក្បាលនៅសហរដ្ឋអាម៉េរិកអាយុពេញវ័យទៅហើយ មានទំហំប៉ុនក្រដាសលុយ១ដុល្លារ វាមានខ្លួនតូចជាងគេជាប់កំណត់ត្រាពិភពលោក។

បើតាម Guinness would record បានឲ្យដឹងនៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៣ថា មានឆ្កែមួយក្បាលនៅសហរដ្ឋអាម៉េរិក ជាឆ្កែញីអំបូ Chihuahua មានអាយុពីរឆ្នាំ មានឈ្មោះថា Pearl បានជាប់កំណត់ត្រាជាផ្លូវការ គឺជាឆ្កែដែលមានរាងទាបបំផុតលើពិភពលោក កាលពីខែកញ្ញា ឆ្នាំ ២០២០។

គេបានដាក់ឈ្មោះវាថា Pearl មានកម្ពស់ ៩.១៤ សង់ទីម៉ែត្រ គឺខ្លីជាងកំណាត់ឈើ ជា​ឆ្កែញីដែល​មាន​ដងខ្លួនខ្លី​បំផុត​លើ​ពិភពលោក។ ប្រវែងដងខ្លួនរបស់ Pearl គឺ ១២.៧ សង់ទីម៉ែត្រ ជុំវិញទំហំប៉ុនគ្នានឹងក្រដាសប្រាក់ដុល្លារ ហើយមានទម្ងន់ ៥៥៣ក្រាម ស្មើនឹង ១.២២ ផោន។

Pearl ជាអំបូរនៃសត្វឆ្កែដែលបានជាប់កំណត់ត្រាជំនាន់មុនមានឈ្មោះ Miracle Milly មានកម្ពស់ ៩.៦៥សង់ទីម៉ែត្រ ដែលបានងាប់នៅក្នុងឆ្នាំ ២០២០មុនការចាប់កំណើតរបស់ Pearl។

Vanesa Semler ដែលជាម្ចាស់កូនឆ្កែ Pearl បាននិយាយថា “គឺជាសំណាងរបស់យើងដែលទទួលបាន Pearl ” ។ “វាជាឱកាស​ដ៏វិសេសវិសាលដែលយើងបាន​បំបែក​កំណត់​ត្រា​មួយនេះ ហើយបាន​ចែក​រំលែក​​ដំណឹង​ដ៏​អស្ចារ្យ​នេះទៅកាន់ពិភពលោក”។ ថ្មីៗនេះ Pearl បានបង្ហាញខ្លួនទៅកាន់ពិភពលោកនៅទីក្រុង Milan ក្នុងប្រទេសអ៊ីតាលី នៅក្នុងកម្មវិធីទូរទស្សន៍ Lo Show Dei Record ។ វា​ត្រូវ​បាន​នាង Vanesa ដែលជាម្ចាស់យកឡើង​ទៅ​លើ​ឆាក ដាក់​ក្នុង​កៅអីដែលមានរាងដូច​ពង​មាន់ Easter ដោយទទួលកាអបអរ និងមាន​​ការ​ទះ​ដៃ​យ៉ាង​កងរំពងដ៏គួរឲ្យរំភើបក្រៃលែង។

Vanesa ដែលជាម្ចាស់បានប្រាប់អ្នករៀបចំកម្មវិធី Gerry Scotti ថា Pearl វារាង “ហ៊ីហាបន្តិចហើយ”។ វាចូលចិត្តអាហារឆ្ងាញ់ៗដូចជាសាច់មាន់ និងត្រីសាម៉ុងជាដើម ជាពិសេសវាចូលចិត្ត “ស្លៀកពាក់ឆើតឆាយ”។

ម្ចាស់ឆ្កែបន្ថែមឲ្យដឹងទៀតថា វាពិតជាមិនធម្មតានោះទេសម្រាប់កូនឆ្កែតឿ Chihuahua Pearl វាមានចរិតស្ងប់ស្ងាត់ហើយថែមទាំងរហ័សរហួននៅក្នុងពេលកំពុងសំដែង នៅលើឆាកនៅពីមុខទស្សនិកជនដ៏ច្រើនកុះករ។ ចំពោះកម្ពស់ដែលបានបំបែកឯតទគ្គកម្មរបស់ Pearl គឺត្រូវបានគេវាស់នៅមន្ទីរពេទ្យតែម្តង នៅចំពេលដែលវាកើតនៅមន្ទីរពេទ្យសត្វ Crystal Creek ក្នុងទីក្រុង Orlando រដ្ឋ Florida៕