សន្ដិសុខសង្គម

ចាប់ជនបរទេសម្នាក់បើករថយន្តបុកផាស្អេបនិងម៉ូតូឱ្យរបួសធ្ងន់៤នាក់

បន្ទាយមានជ័យ៖នគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ីម្នាក់ បន្ទាប់ពីបើករថយន្តបុកផាស្អេបនិងម៉ូតូបណ្តាលឱ្យរងរបួសធ្ងន់៤នាក់។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅតាមផ្លូវជាតិលេខ៥ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី១១ ខែមេសា។

សមត្ថកិ្ចបានឱ្យដឹងថា មុនកើតហេតុមានរថយន្តបាឡែនផ្លាកលេខភ្នំពេញ.2AJ-5638 បើកពីលិចទៅកើតក្នុងល្បឿនលឿន។

មកដល់កន្លែងខាងលើ ស្រាប់តែរថយន្តនេះបានទៅបុកផាស្អេបមកពីមុខធ្វើឱ្យផាស្អេបក្រឡាប់។រថយន្តនេះបានជ្រុលទៅបុកម៉ូតូមកពីមុខមួយគ្រឿងទៀត បណ្តាលឱ្យមានអ្នករងរបួសធ្ងន់៤នាក់ ត្រូវនគរបាលជួយអន្តរាគមន៍ដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។

ក្រោយពីមានគ្រោះថ្នាក់ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរជនជាតិឥណ្ឌូនេស៊ីម្នាក់​ជាមួយរថយន្ត-ផាស្អេបនិងម៉ូតូយកទៅទុកបណ្តោះអាសន្ននិងកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ