ព័ត៌មានជាតិ

គណៈកម្មការនឹងប្រកាសលទ្ធផលចំនួនបេះដូងបត់ដោយដៃធ្វើពីក្រដាសនៅអង្គរវត្តរសៀលថ្ងៃ១១មេសា

សៀមរាប៖ ក្រុមការងារ BeyondTheGames ដែលទទួលបន្ទុកធ្វើបេះដូងបត់ក្រដាសដោយដៃ  នៅខាងក្នុងបរិវេណនៃប្រាសាទអង្គរវត្ត ដើម្បីឈានទៅរកការបំបែកឯតទគ្គកម្មពិភពលោក ឱ្យដឹងថាគេនឹងចាប់ផ្ដើមរាប់ចំនួនបេះដូង ដែលបានធ្វើរយៈពេល២ថ្ងៃមកហើយ នឹងប្រកាសពី លទ្ធផលបេះដូងដ៏ច្រើនជាងគេនៅលើពិភពលោក ត្រឹមវេលាម៉ោង៤រសៀលថ្ងៃទី១១ខែមេសា ឆ្នាំ២០២៣។

តាំងតែពីព្រឹកថ្ងៃទី១០ ខែមេសាមក ក្រុមសាក្សីបេះដូងជាច្រើនបានចាប់ផ្តើមរាប់ ផ្ទៀងផ្ទាត់ចំនួន​យ៉ាងហ្មត់ចត់សម្រាប់បំបែកឯតទគ្គកម្មពិភពលោក នៅក្នុងព្រឹត្តិការណ៍អង្គរសង្កា្រន្តឆ្នាំនេះ ។

បេះដូងដែលបត់ដោយក្រដាសចម្រុះពណ៌ រាប់សែនត្រូវបានគេរៀបចំជា «សួនបេះដូង» ប្រៀបដូចជាផ្ការីកចម្រុះពណ៌នៅក្នុងបរិវេណ នៃប្រាសាទអង្គរដ៏ពិសិដ្ឋ ក្នុងរយៈពេល២-៣ថ្ងៃ​កន្លងមកនេះ ដើម្បីបង្ហាញភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសបង្ហាញពីកិត្យានុភាពនៃការរួបរួម​សាមគ្គីគ្នារបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ការរៀបបត់ក្រដាស​ចម្រុះពណ៌ធ្វើជារូបបេះដូងដ៏ច្រើនពុំធ្លាប់មាននេះ  គឺធ្វើឡើងសម្រាប់ការបំបែកកំណត់ត្រាពិភពលោក ដែលនឹងត្រូវរាប់បញ្ចប់នៅថ្ងៃទី១១ខែមេសាឆ្នាំ២០២៣។

បន្ទាប់ពីក្រុមការងាររាប់ចំនួនបេះដូងដែលបត់ដោយក្រដាសពណ៌នោះរួច គណៈកម្មការនឹងប្រកាសលទ្ធផលនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០។ ការប្រកាសលទ្ធផលនៃការរាប់ចំនួនបេះដូងនេះក៏ត្រូវបានចាត់ទុកថាជាការបង្ហាញនូវវប្បធម៌អរូបិយ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ទៀតថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះ មិនត្រឹមតែជាខួបគម្រប់១០ឆ្នាំរបស់អង្គរសង្រ្កាន្ត ហើយក៏មិនមែនសម្រាប់តែអបអរបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីខ្មែរប៉ុណ្ណោះទេ  ប៉ុន្តែអង្គរសង្ក្រាន្តឆ្នាំនេះក៏ដើម្បីអបអរភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ផងដែរ។ជាមួយគ្នានេះ ក្រុមការងារអង្គរសង្ក្រាន្ត ក៏នឹងរៀបចំបំបែកឯតទគ្គកម្មពិភពលោកលើវិញ្ញាសាមួយទៀត គឺរាំចង្វាក់ម៉ាឌីហ្សូន ។

ការបត់ក្រដាសជារូបបេះដូង តាមការគ្រោងទុកនឹងធ្វើឲ្យបានចំនួន១លាន ហើយបេះដូងក្រដាស​ដែលបត់ឡើងដោយដៃប្រជាពលរដ្ឋនេះ វាមិនត្រឹមតែជាការធ្វើឡើងដើម្បីបំបែកឯតទគ្គកម្មប៉ុណ្ណោះទេ ប៉ុន្តែវាជាកាដូនៃសេចក្តីស្រឡាញ់ របស់ពលរដ្ឋកម្ពុជា ជូនអត្តពលិកដែលចូលរួមក្នុងការប្រកួតស៊ីហ្គេម​និងអាស៊ានប៉ារ៉ាហ្គេមផងដែរ៕