ព័ត៌មានជាតិ

សាលាឆទានតម្លៃជិត២ម៉ឺនដុល្លារ ជាការរួមចំណែករបស់ ឯកឧត្តម អុិន ណាង និងក្រុមគ្រួសារកូនចៅឧបាសក អោ អុិន និងឧបាសិកា ឡុច ភិន

ដោយៈ​សិរីមតី​
​តាកែវ​៖​ក្រុមគ្រួសារ​សប្បុរស​មួយ​បាន​បរិច្ចាគ​ដីធ្លី​និង​រួមគ្នា​រៃអង្គាស​ថវិកា​ដើម្បី​យកមក​កសាង​សាលា​បុណ្យ​មួយ​សម្រាប់​ដាក់​ជា​ប្រយោជន៍​រួម​នៅក្នុង​ភូមិ និង​អាច​ប្រើប្រាស់​ជា​កន្លែង​ស្នាក់អាស្រ័យ​ដល់​មនុស្ស​ទូទៅ សម្រាកលំហែ​និង​ជ្រក​ម្លប់​ពេលធ្វើ​ដំណើរ ព្រមទាំង​ជា​កន្លែង​សម្រាប់ធ្វើ​ពិធីបុណ្យ កន្លែង​ជួបប្រជុំ និង​កម្មវិធី​ផ្សេងៗ​។​សាលា​បុណ្យ​ធ្លក​យុល​នេះ​ចំណាយ​ថវិកា​ប្រមាណ២​ម៉ឺនដុល្លារ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ចំការ ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី ខេត្តតាកែវ​។

សាលាឆទានតម្លៃជិត២ម៉ឺនដុល្លារនេះ ជាការចូលរួមចំណែករបស់ឯកឧត្តម អុិន ណាង និងក្រុមគ្រួសារកូនចៅឧបាសក អោ អុិន និងឧបាសិកា ឡុច ភិន ព្រមទាំងសាច់សាលោហិតជាច្រើនរូបទៀត។

​​ពិធី​សម្ពោធ​ឆ្លង​ពុទ្ធា​ភិ​សេក សាលា​បុណ្យ​ធ្លក​យុល​នេះ បាន​ត្រូវ​ប្រារព្ធ​ធ្វើឡើង កាលពី​ថ្ងៃទី​៩ ​ខែ មេសា ​ឆ្នាំ​ ២០២៣ ក្រោម​វត្តមាន​ឯកឧត្តម គង់ ចាន់ណា ទីប្រឹក្សា​រាជរដ្ឋាភិបាល និង​ជា​ក្រុមការងារ​គណបក្ស​ប្រជាជន​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ និង​ជា​ប្រធាន​ផែន​សហគ្រិន​វ័យក្មេង​នៃ​គណបក្ស​ប្រជាជន​ប្រចាំ​ខេត្តកំពត​, ឯកឧត្តម អុិន ណា​ង ទីប្រឹក្សា​រាជរដ្ឋាភិបាល​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ផែន​សហគ្រិន​វ័យក្មេង​នៃ​គណបក្ស​ប្រជាជន​ប្រចាំ​ខេត្តកំពត ,​លោកជំទាវ រស់ សុភា​រ៉ាវី ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​ត្រពាំង​ក្រសាំង និង​លោក ភួ​ន ឈឹម អភិបាល ស្រុក​បាទី ព្រមទាំង​លោកយាយ​លោកតា លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជា​ពលរដ្ឋ​។​

ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​សាលា​បុណ្យ​ធ្លក​យុល​នេះ លោក អិុន ប៉ែន ដែលជា​ម្ចាស់ដើមបុណ្យ​បាន​មានប្រសាសន៍​ឱ្យដឹងថា​៖​សាលា​នេះកសាង​ដោយ​ក្រុម​កូនចៅ​របស់​លោកឪពុក អោ អុិន អ្នក​ម្ដាយ ឡុ​ច ភិន ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ២ម៉ឺនដុល្លារ​អាមេរិក​។ យើង​មាន​ដី​កេរ្តិ៍​របស់គាត់​ចំនួន ៤៥ × ៤៥​ម៉ែត្រ មាន​ស្រះ​ទឹក​១ និង សាលា​នេះ​មាន​បណ្តោយ ៨.៥​ម ទទឹង ៦.៩​ម ។​

​លោក​បាន​បញ្ជាក់ថា​៖​ការសាងសង់​សាលា​បុណ្យ​នេះ គឺ​ថវិកា​រួមគ្នា​របស់​ក្រុម​កូនចៅ បងប្អូន ពូ​មីង ប៉ុណ្ណោះ ពុំបាន​យកប្រាក់​បដិភាគ​ពី​ប្រជាពលរដ្ឋ ក្នុងភូមិ​នេះឡើយ​។​

​ទាក់ទង​នឹង​ប្រវត្តិ​ធ្វើ​សាលា​បុណ្យ​នេះ លោក អុិន ប៉ែន បានឱ្យដឹងថា​៖កាលពី​ខាងដើម​ឡើយ​ភូមិ​នេះ​ឈ្មោះ​ភូមិ​ធ្លក​យុលនិងភូមិ ត្រពាំង​​​ចំការ គឺ​ចែកចេញ​ពីគ្នា​ដាច់ស្រឡះ ខាងជើង​ខាងត្បូង​។ ក្នុង​ជំនាន់​៣ ឆ្នាំ ៨​ខែ ២០​ថ្ងៃ គេ​បានដាក់​ឈ្មោះ​ភូមិ​ទាំងពីរ​នេះ​ទៅជា​ភូមិ​ព្រែក​ថ្មី តែមួយ​ព្រម ទាំង​បាន​ជម្លៀស​ប្រជាពលរដ្ឋ​អស់​មួយចំនួនធំ​ពុំមាន​នៅទីនេះ​ច្រើន ប៉ុន្មាន​នោះទេ​។ ក្រោយ​ថ្ងៃ​រំដោះ​៧ មករា​ប្រជា​ពលរដ្ឋ​បាន​​វិល​ត្រឡប់មក​រួម​​រស់​វិញ​មួយចំនួន​ដោយ​ដី​ខាងត្បូង​នេះ​ជា​ដី ៥៤ ឬ​ឯ​ដី​ខាងជើង​ជា​ដី ៥៦ របស់​ពួកគាត់​។​

​លោក​បាន​បន្តថា​៖​ដោយ​គុណ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ប្រជាពលរដ្ឋ​ត្រឡប់មក​សង់​លំនៅដ្ឋាន​ក្នុង​ភូមិកំណើត​របស់ខ្លួន​វិញ​ព្រមទាំង​បាន ដាក់ឈ្មោះ​ភូមិ​នានា​នៅក្នុង​ឃុំ​ដោយឡែក​បាត់ឈ្មោះ​ភូមិ​ធ្លក​យុល​នេះ​តែម្ដង​។​យើងខ្ញុំ​បានដាក់​ពាក្យ​សំណើរ​សុំ​ទៅខាង​លើ​តែ​ពុំបាន​ធ្លាក់​ឈ្មោះ​ភូមិ​ធ្លក យុល​នេះ​ទេ​។ ទើប​ពេលនេះ​លោក​រួមទាំង​បងប្អូន សម្រេច​កសាង​សាលា​នេះ​ទុកជា កេរ្តិ៍មរតក​នៃ​ភូមិ​ផង​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ស្នាក់ អាស្រ័យ​ផង ជា ទីសក្ការៈ​ផង​ព្រមទាំង​ប្រជាពលរដ្ឋ​កំណើន​កើន​ច្រើន​នៅក្នុង​ភូមិ​ត្រពាំង​ចំការ នេះ​មាន​ចំនួន ១​ពាន់ ២៥​នាក់ ក្នុងនោះ​ស្រី​៥២៤ នាក់ ហើយ ក្រែង​ថ្ងៃ​ខាង មុខ​ទៅ​តម្រូវការ​ជា​កន្លែង​បោះឆ្នោត ឬ ក៏​ជា​ការិយាល័យ​ផ្សេងៗ យើង​មាន ស្រាប់​ជូន​រដ្ឋ​ជាពិសេស​គណបក្ស​ប្រជាជន កម្ពុជា​របស់​យើង​។​

​ទាក់​ទង​នឹង​ការកកើត​នៃ​សមិទ្ធិផល​នេះ ឯកឧត្តម អុិន ណា​ង ទីប្រឹក្សា​រាជរដ្ឋាភិបាល​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ម្ចាស់ដើមបុណ្យ​ដែរ​នោះ បាន​មានប្រសាសន៍​ជម្រាប​ថា​៖ក្រុមគ្រួសារ​របស់លោក​បាន​ពិភាក្សា​ផ្តួចផ្តើម​ជា​គំនិត និង​កៀងគរ​ថវិកា​ពី​សមាជិកគ្រួសារ សាង​​សង់​សាលា​បុណ្យ​មួយ​នេះ សម្រាប់​ជា ប្រយោជន៍​រួម និង​ជាទី​កន្លែង​ស្នាក់អាស្រ័យ​របស់​មនុស្ស​ទូទៅសម្រាប់​សម្រាកលំហែ​រកា​យ​ពេល​ធ្វើ​ដំណើរ​អស់កម្លាំង​ផ្លូវ​ជិត​ផ្លូវ​ឆ្ងាយ​។ ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាជន​សព្វថ្ងៃនេះ នៅតាម​ទីប្រជុំជន​នីមួយៗ គេ​តែង​ត កសាង​សាលា​បុណ្យ ឬ (​សាលាឆទាន​) នេះ​ឡើង ក្នុងន័យ​ជាទី​កន្លែង​ប្រមូលផ្តុំ​មនុស្ស​ក្នុងភូមិ​ដើម្បី​ជាទីគោរព សក្ការៈ និង​ប្រារព្ធ​ពិធី​ផ្សេងៗ ដែល​​អ្នក​ភូមិ​បាន​មូលមតិ​គ្នា​រៀបចំឡើង​។ជាពិសេសសម្រាប់ធ្វើ​ពិធីបុណ្យទាំងឡាយណាដែលជា​ពិធី​ប្រចាំ​ភូមិ​ផ្ទាល់​តែម្តង ឧទាហ​រ​ណ៍​ដូចជា បុណ្យ​ឡើង​មាឃ សម្ភោ​ធ​ភូមិ និង​ស្រង់ ព្រះ​ក្នុងឱកាស​ចូលឆ្នាំថ្មី​ជាដើម​។​

​ម្យ៉ាងទៀត​សាលា​បុណ្យ​នេះ​សាងសង់ឡើង​ដោយសារ​មាន​អ្នកភូមិ​ខ្លះ​នៅ​ឆ្ងាយ​ដាច់ស្រយាល​មិនមាន​វត្ត​អារាម​នៅក្បែរ​គឺ​ទីនេះ​យើង​ប្រើ​ប្រាស់​ជាក​ន្លែ​សម្រាប់​និមន្ត​ព្រះសង្ឃ​ក្នុង​ការធ្វើ​កិច្ច​ផ្សេងៗ​ដូចជា​ពិធី​សុំ​សីល៍​រៀងរាល់​ថ្ងៃសីល៍​និង​ពិធី​កាន់បិណ្ឌ​ជាដើម​។​ដោយឡែក​នៅ​ក្នុង​ឱកាស​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ឆ្នាំ​២០២៣​នេះ យើង​ក៏ អាច​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃ​ណ៍​ជាតិ​ក្នុង​បរិវេណ​សាលា​នេះ ដោយ​តុបតែង​លំអ និង​ម៉ូដ​ផ្ទះ​តាម​លំនាំ​រចនាបទ​ប្រពៃណី​បុរាណ​ខ្មែរ​យើង​។​ហេតុដូច្នេះ​ហើយ​បានជា​ក្រុមគ្រួសារ​របស់​យើងខ្ញុំសម្រេចចិត្ត​សាងសង់​សាលា​​មួយ​ខ្នង​នេះ​សម្រាប់​ព្រះសង្ឃ ដូនជី តាជី ឧបាសក ឧបាសិកា ប្រជាពលរដ្ឋ​ទីជិត​ទី​ឆ្ងាយ បាន​ប្រើប្រាស់​រួម​ទាំងអស់គ្នា​ឱ្យខាងតែបាន​។ សម្រាប់​ការសាងសង់​សាលា​មួយ​នេះ​យើង​បាន​ចំណា​ថវិកា​ប្រមាណ២ម៉ឺនដុល្លារ​អាមេរិក លើ​ផ្ទៃដី​សរុប​២០០០​ម៉ែត្រការ៉េ​។សាលា​បុណ្យ​នេះ មាន​បណ្តោយ ៨,៥x៦.៩ ម៉ែត្រ និង​មាន​ស្រះ​ទឹក​១ ផងដែរ​។​

​ក្នុងនាម​ជា​កូន ជា​ចៅ​និង​ជា​ប្រជាពលរដ្ឋ​មួយរូប​ដែល​បានចាប់កំណើត​នៅលើ​ទឹកដី​ស្រុកកំណើត​នេះ​ផ្ទាល់ ហើយ​បាន រស់នៅ សិក្សា​រៀនសូត្រ ទទួលបាន​ការអប់រំ បណ្តុះបណ្តាល និង​ទូន្មាន​ព្រាន ប្រដៅ ពី​លោកគ្រូ​អ្នកគ្រូ​អស់​រយៈកាល​ច្រើន​ឆ្នាំ លោក​សូម​ធ្វើការ​រំលឹក​គុណ​និង​ដឹងគុណ​និង​សូម​ឧទ្ទិសផលបុណ្យ​និង​ជូន​កុសល​ដល់​លោកអ្នកមានគុណ​ទាំងអស់​របស់លោកដែលជា​អ្នក​ផ្ដើមបុណ្យ​រួមមាន​​៖​លោកស្រី ហ៊ិ​ន រេ​ន​ព្រមទាំង​កូនចៅ​,​លោក ប៊ុន ណេ​ន និង​អ្នកស្រី​ងួន ឡាវ ព្រមទាំង​កូនចៅ​, លោក អុិន​ ប៉ែន និង​អ្នកស្រី ស្រ៊ុន គីម​ងួន ព្រមទាំង​កូនចៅ​, លោក យូ ពឿ​ន និង អ្នកស្រី ខឹ​ក ណន ព្រមទាំង​កូនចៅ​, លោក អោ កុសល និង​អ្នកស្រី ប៉ៃ លីម​ហៀក ព្រមទាំង​កូន​ចៅ​, ក្រុម​កូនចៅ​ឧបាសក យូ ពូក និង​ឧបាសិកា កង សំអឿន​ជាពិសេស លោកតា អោ អុិន និង​លោកយាយឡុ​ច ភិន ដែល​បាន​បន្សល់​​និង​បរិច្ចាគ​ដី​សម្រាប់​សាងសង់ សាលា​បុណ្យ សំរាប់​ជា​កន្លែង គោរព​សក្ការៈបូជា និង​ជា​ប្រយោជន៍​ដល់​មូលដ្ឋាន និង​សាធា​រណ​ជន​ទូទៅ​។

​ឯកឧត្តម គង់ ចាន់ណា ទីប្រឹក្សា​រាជរដ្ឋាភិបាល បាន​ថ្លែង​កោតសរសើរ​ដល់​ក្រុមគ្រួសារ​ឧបាសក អោ អុិន និង ឧបាសិកា ឡុ​ច ភិន ដែល​បាន​លះបង់​ធនធាន​ផ្ទាល់ខ្លួន​ដែលមាន​ដី​ទំហំ​២០០០​ម៉ែត្រការ៉េ​បើ​គិត​តម្លៃ​ទីផ្សារ​ប្រមាណ​៩​ម៉ឺន​ដុល្លារ​សម្រាប់​កសាង​សាលា​បុ​ណ្ដើ​ម្បី​ទុកជា​ប្រយោជន៍​រួម​។​

​ឯកឧត្តម​ក៏​សូម​អរគុណ​ដល់​សប្បុរសជន​ជា​អ្នក​ផ្ដើមបុណ្យ​ទាំងអស់​ដែល​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​រៃអង្គាស​ថវិកា​បាន​ចំនួនប្រមាណ​២ម៉ឺន​ដុល្លារ​អាមេរិក​ដើម្បី​សាងសង់​សាលា​បុណ្យ​សម្រាប់​ទុកជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទូទៅ​និង​អបអរសាទរ​ដល់​ប្រជាជន​នៅក្នុង​ភូមិ​ដែល​ទទួលបាន​សមិទ្ធផល​ទាំងនេះ​។​

​ឯកឧត្តម​បាន​បាន​បញ្ជាក់ថា​សមិទ្ធផល ការរីកចម្រើន​នៅក្នុង​ស្រុកភូមិ​និង​ការរស់នៅ​សុខ​សុវត្ថិភាព ការប្រកប​របរ​ទទួល​ទាន​មានបាន​របស់​ប្រជាពលរដ្ឋ​គឺ​បានមកពី​សន្តិភាព​។​

​នៅក្នុង​ពិធី​សម្ពោធ​ឆ្លង​ពុទ្ធា​ភិ​សេក សាលា​បុណ្យ​ធ្លក​យុល​នេះ ម្ចាស់ដើមបុណ្យ ក៏បានផ្តល់​អំណោយ​ជា​សម្ភារ និង​ថវិកា​ជូន​ដល់​អ្នកចូលរួម ផងដែរ​៕