អន្តរជាតិ

ការស្ទង់មតិ៖ ស្ទើរតែពាក់កណ្តាលនៃប្រជាជនអាម៉េរិកគិតថាលោកដូណាល់ត្រាំគួរតែផ្អាកយុទ្ធនាការបោះឆ្នោតឆ្នាំ ២០២៤

ការស្ទង់មតិថ្មីដោយភ្នាក់ងារឯករាជ្យបានបង្ហាញថា ស្ទើរតែពាក់កណ្តាលនៃប្រជាជនអាម៉េរិកគិតថា​លោកដូណាល់ត្រាំគួរតែផ្អាកយុទ្ធនាការបោះឆ្នោតឆ្នាំ ២០២៤ បន្ទាប់ពីការចោទប្រកាន់​ប្រឈមមុខច្បាប់បានកើនឡើងច្រើនករណីគួរឲ្យកត់សម្គាល់។

ការស្ទង់មតិថ្មីចេញដោយកាសែត ABC News / Ipsos ថ្មីៗនេះបានរកឃើញថា ៤៨% នៃជនជាតិអាម៉េរិកគិតថា ត្រាំគួរតែផ្អាកយុទ្ធនាការជាប្រធានាធិបតី។ ការស្ទង់មតិបានរាយការណ៍ថា ៥៣% នៃអ្នកឆ្លើយតបគិតថា សកម្មភាពរបស់លោកត្រាំមានចេតនាខុសច្បាប់។ ២០% នៃអ្នកបោះឆ្នោតជឿថា Trump មិនបានធ្វើអ្វីខុសទេ ខណៈដែល ១១% បាននិយាយថា វាមិនមែនជាចេតនាខុសច្បាប់នោះទេ។

ជិតពាក់កណ្តាលនៃអ្នកឆ្លើយសំណួរ ៤៧% ជឿថាការចោទប្រកាន់នេះគឺមានហេតុផលនយោបាយ ដោយ ៣២% និយាយថានយោបាយមិនដើរតួក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្មនោះឡើយ។

លោកដូណាល់ត្រាំ អតីតប្រធានាធិបតីអាម៉េរិក ត្រូវបានតុលាការទីក្រុងញូវយ៉កកាលពីថ្ងៃអង្គារ ចោទប្រកាន់បន្ថែម៥បទល្មើសពីលើបទចោទប្រកាន់ប្រើលុយបំបិទមាត់តារាស្រីអាសអាភាស Stormy Daniels ក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំ២០១៦ ជាប់ឈ្មោះក្នុងប្រវត្តិសាស្រ្តជាអតីតប្រធានាធិបតី​ដែលជាប់ការចោទប្រកាន់បទឧក្រិដ្ឋ៕

ប្រភព៖ FOX NEWS

ប្រភពរូប៖FOX NEWS
ប្រែសម្រួល៖សុខ តុលា