អន្តរជាតិ

ការដើរបាន៨០០០ជំហានក្នុង១ថ្ងៃអាចពន្យារអាយុបានយូរ

ដោយ៖ សហការី

អ្នកស្រាវជ្រាវជប៉ុនបានរកឃើញថា ការដើរបាន៨,០០០ជំហានក្នុង១ថ្ងៃ ពី២-៣ថ្ងៃក្នុង១សប្តាហ៍អាចធ្វើឲ្យមានសុខភាពល្អនិងមានអាយុវែង។

បើយោងតាមការសិក្សារបស់ជប៉ុនដែលផ្សព្វផ្សាយក្នុងទស្សនាវដ្ដីវេជ្ជសាស្ត្រ JAMA Network Open របស់សមាគមវេជ្ជសាស្ត្រអាមេរិកបានបង្ហាញថា ការដើរយ៉ាងហោចណាស់ឲ្យបាន ៨,០០០ជំហាន ជារៀងរាល់ថ្ងៃនៅចុងសប្តាហ៍អាចកាត់បន្ថយហានិភ័យដែលបណ្តាលឲ្យស្លាប់បានមួយកំរិត។

ក្រុមអ្នកស្រាវជ្រាវនេះបានឲ្យដឹងទៀតថា មនុស្សដែលដើរយ៉ាងហោចណាស់ឲ្យបាន ៨,០០០ ជំហានក្នុងមួយថ្ងៃ ឬពីរថ្ងៃក្នុងមួយសប្តាហ៍ឃើញថាមានអត្រាថយចុះនូវហានិភ័យ​ដែលបណ្តាលឲ្យស្លាប់បន្ទាប់ពី១០ឆ្នាំក្រោយ គឺដូចគ្នាទៅនឹងអ្នកដែលដើរពី ៣ថ្ងៃ ទៅ ៧ ថ្ងៃក្នុងមួយសប្តាហ៍។

ក្រុមការងារបានប្រើប្រាស់ទិន្នន័យស្ទង់មតិសុខភាពជាតិរបស់សហរដ្ឋអាមេរិក ដែលបានធ្វើឡើងនៅចន្លោះឆ្នាំ ២០០៥ និង ២០០៦ ដោយសិក្សាពីទំនាក់ទំនង​រវាងជំហានប្រចាំថ្ងៃដែលបានដើរដោយមនុស្ស ៣,១០១នាក់ ដែលមានអាយុចាប់ពី ២០ឆ្នាំឡើងទៅ ជាមួយនឹងអាយុជាមធ្យម ៥០.៥ និងហានិភ័យដែលបណ្តាលឲ្យស្លាប់នៅក្នុងរយៈពេល ១០ឆ្នាំក្រោយមក។

ក្រុមស្រាវជ្រាវបានកំណត់អំពីមូលហេតុដែលបណ្តាលឲ្យស្លាប់ដោយសាតែជំងឺដែលមានទាក់ទងនឹងបេះដូង និងសរសៃឈាម អត្រានេះគឺទាបជាង ៨.៤ភាគរយ សម្រាប់ក្រុមពី ៣ថ្ងៃ ទៅ ៧ថ្ងៃ និងទាបជាង ៨.១ភាគរយ សម្រាប់ក្រុមមួយថ្ងៃឬពីរថ្ងៃ៕