កីឡា

Roberto Firmino តែតមួយក្បាលជួយសង្គ្រោះ Liverpool វាយបកតាមស្មើ Arsenal នៅចុងម៉ោង

ដោយ៖ Rith Kongkea

កីឡាករសញ្ជាតិប្រេស៊ីល Roberto Firmino បានតែតបាល់បញ្ចូលទីនៅនាទីទី 87 ជួយឲ្យ Liverpool វាយបកតាមស្មើ Arsenal នៅកីឡដ្ឋាន Anfield ២ទល់២ កាលពីយប់ថ្ងៃអាទិត្យ ។

ក្រុមហង្សក្រហម Liverpool បានធ្វើឱ្យ Arsenal ខកចិត្តយ៉ាងខ្លាំងចំពោះដំណើរឆ្ពោះទៅកាន់ជើងឯក Premier League ខណៈដែលក្រុមរបស់លោក Mikel Arteta បាននាំមុខ២គ្រាប់មុនទៅហើយដោយកីឡាករ Gabriel Martinelli និង Gabriel Jesus ដែលពួកគេរំពឹងខ្ពស់និងត្រលប់មកវិញជាមួយនឹង៣ពិន្ទុបន្ថែមទៀត ប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្ថូរ ដោយ Mohamed Salah ស៊ុត១គ្រាប់តាមពីក្រោយវិញ បានផ្ដល់កម្លាំងចិត្តទៅឲ្យក្រុមទាំងមូលឡើងមកវិញ ។

ចូលដល់វគ្គទី២ Liverpool ចាប់ផ្ដើមប្រមូលស្មារតី ក្នុងការវាយបកទៅលើកាំភ្លើងធំ Arsenal រហូតទាល់តែបានសម្រេចពីសំណាក់កីឡាករ Roberto Firmino ដោយការតែតក្បាលបញ្ចូលទីយ៉ាងស្អាត ពីការបញ្ចូលបានដោយខ្សែការពារ Alexander-Arnold នៅចុងម៉ោង ។ ស្មើគ្នាយប់មិញបានធ្វើឲ្យ Arsenal រៀងមានសម្ពាធបន្តិចដោយមានគម្លាត៦ពិន្ទុពី Man city ។

គួរបញ្ជាក់ផងដែរថា Arsenal ខកខានឈ្នះជើងឯក Premier League ជាង២០ឆ្នាំហើយ ពោលគឺពួកគេឈ្នះចុងក្រោយនៅឆ្នាំ២០០៣ ក្រោមការដឹកនាំរបស់លោក Arsene Wanger ។ បច្ចុប្បន្នពួកគេកំពុងមានសង្ឃឹមខ្ពស់ក្នុងការឈ្នះពាននៅរដូវកាលនេះ តែពួកគេត្រូវឆ្លងកាត់៨ប្រកួតចុងក្រោយបន្តទៀតដើម្បីសម្រេចជោគវាសនារបស់ខ្លួន ៕