សន្ដិសុខសង្គម

រថយន្តបុកម៉ូតូ២គ្រឿង៖ ស្រ្តីម្នាក់ស្លាប់និងបុរសម្នាក់រងរបួសធ្ងន់

កំពត៖រថយន្តម៉ាកហ្ស៊ីបបានបើកក្នុងល្បឿនលឿន រួចជ្រុលទៅបុកម៉ូតូ២គ្រឿងចំពីក្រោយពេញទំហឹង បណ្តាលឱ្យស្រ្តីម្នាក់ស្លាប់និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ដែលគ្រោះថ្នាក់នេះបានកើតឡើង​នៅលើផ្លូវជាតិលេខ៣ ក្នុងភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត កាលពីព្រឹកថ្ងៃទី១០ ខែមេសា។​

មន្ត្រីនគរបាលស្រុកឈូកបានឱ្យដឹងថា ស្ត្រីដែលស្លាប់ឈ្មោះ កឹម តុល អាយុ៥២ឆ្នាំ នៅភូមិឃុំខាងលើ។ចំណែកបុរសដែលរងរបួសធ្ងន់បាក់ភ្លៅខាងស្តាំឈ្មោះ សំ ពេជ្រ អាយុ ៣៨ឆ្នាំ នៅភូមិពោធិ៍ដុះ ឃុំ/ស្រុកជាមួយគ្នា។

សមត្ថកិច្ចបានបន្តថា មុនកើតហេតុ មានម៉ូតូ២គ្រឿង បើកពីលិចទៅកើត។លុះដល់កន្លែងខាងលើ ស្រាប់តែមានរថយន្តម៉ាកហ្ស៊ីបគ្មានផ្លាកលេខ បើកមកពីក្រោយក្នុងល្បឿនលឿន រួចបុកម៉ូតូទាំង២គ្រឿងពេញទំហឹងបណ្តាលឱ្យមានអ្នកស្លាប់និងរបួសតែម្តង។

ក្រោយកើតហេតុ អ្នកបើកបរបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកតែរថយន្តនៅទីនោះ។រីឯបុរសរងរបួសធ្ងន់ត្រូវរថយន្តដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។ចំណែកតៃកុងរថយន្តបង្ក​ត្រូវសមត្ថកិច្ចបានតាមរកចាប់ខ្លួនដើម្បីយកមកចាត់ការតាមច្បាប់៕ដោយ៖កំចាយ