សន្ដិសុខសង្គម

រថយន្តថៃដឹកពលរដ្ឋខ្មែរបុកកុងតឺន័រ ពីក្រោយស្លាប់៣នាក់ របួសជាង១០នាក់

បាត់ដំបង៖ រថយន្តថៃបានដឹកអ្នកទេសចរខ្មែរប្រមាណ១៥នាក់ ក្នុងដំណើរកម្សាន្តនៅទឹកដីប្រទេសថៃ បានបុកកុងតឺន័រពីក្រោយ បណ្ដាលឱ្យស្លាប់៣នាក់និងរបួសជាង១០នាក់។

ប្រភពព័ត៌មានបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរខាងលើបានកើតឡើងនៅតាមផ្លូវល្បឿនលឿន ក្នុងឃុំណងឆាងខក ស្រុកមឿង ខេត្តឈុនបុរី ប្រទេសថៃ កាលពីទៀបភ្លឺថ្ងៃទី៨ ខែមេសា។ប្រភពដដែលបានបន្តថា មុនគ្រោះថ្នាក់កើតឡើង មានរថយន្តសាំយ៉ុង ផ្លាកលេខ បាងកក ៣៤-២៤៧៨ ដឹកអ្នកទេសចរខ្មែរបើកក្នុងលឿនលឿន។

ពេលនោះទំនងតៃកុងងោកមួយភាំងក៏ជ្រុលបុករថយន្តសណ្តោងកុងតឺន័រ ពាក់ផ្លាកលេខ បាងកក៧៩-១៧៧២ ពីក្រោយពេញទំហឹង បណ្តាលឱ្យរថយន្តខូចខ្ទេចផ្នែកខាងមុខ ហើយគាបតៃកុងស្លាប់ភ្លាម។ចំណែកភ្ញៀវទេសចរខ្មែរបានស្លាប់៣នាក់និង១២នាក់ទៀត រងរបួសធ្ងន់និងស្រាល។

ករណីនេះសមត្ថកិច្ចថៃបានអះអាងថា អាចកើតឡើងពីអ្នកបើកបរងងុយដេក។រីឯមន្ត្រីច្រកទ្វារព្រំដែន កម្ពុជាបាននិយាយថា ភ្ញៀវទេសចរកម្ពុជាចូលទៅដើរលេងកម្សាន្តនៅលើទឹកដីថៃ ទើបឆ្លងកាត់ច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង ក្រោយមកបន្តិចក៏ជួបគ្រោះថ្នាក់តែម្តង៕ដោយ៖ព្រះអង្គខ្មៅ