ព័ត៌មានជាតិ

ពលរដ្ឋច្រើនគ្រួសារជាង៣០ឆ្នាំមិនទាន់បានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់

ស្ទឹងត្រែង៖ពលរដ្ឋជាច្រើនគ្រួសារបានអាស្រ័យផលជាង៣០ឆ្នាំ ក្នុងឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង រហូតមកដល់ពេលនេះមិនទាន់មានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់នៅឡើយ។

ប្រជាពលរដ្ឋបានអះអាងថា ពួកគាត់រស់នៅជាក់ស្តែង ធ្វើស្រែចម្ការតាំងពីសម័យរដ្ឋកម្ពុជាមានបង្កាន់ដៃ​ទទួលពាក្យ,បង្កាន់ដៃបង់ប្រាក់ចេញដោយការិយាល័យកសិកម្មស្រុកនៅឆ្នាំ១៩៩១។ បច្ចុប្បន្នពលរដ្ឋអាស្រ័យផលធ្វើស្រែចម្ការស្វាយចន្ទី-ដំឡូងនិងកសិកម្មបន្ទាប់បន្សំផ្សេងទៀតដើម្បីជីវភាពប្រចាំថ្ងៃ។

ប្រធានសហគមន៍អូរចាបបានបញ្ជាក់ថា បច្ចុប្បន្នប្រជាពលរដ្ឋរស់នៅកើនឡើងជាង២០គ្រួសារហើយ។សហគមន៍ក៏បានឯកភាពសម្រេចកាត់ផ្ទៃដីចេញជូនទៅពលរដ្ឋដែរ។នៅតែខាងអាជ្ញាធរមិនទាន់​វាស់វែងចុះបញ្ជីដីធ្លីស្របច្បាប់នៅឡើយ។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានឱ្យអ្នកសារព័ត៌មានដឹងថា ចំពោះការស្នើសុំរបស់ពលរដ្ឋនោះ អាជ្ញាធរស្រុកមិនមានលទ្ធភាពដោះស្រាយបានទេ ព្រោះហួសលទ្ធភាពថ្នាក់ស្រុក ដោយដីនោះស្ថិតនៅក្នុងដែនសហគមន៍គ្រប់គ្រង។ទោះយ៉ាងណាករណីខាងលើ ពលរដ្ឋទទូចស្នើសុំដល់អាជ្ញាធរខេត្តស្ទឹងត្រែង និងស្រុកជម្រុញការវាស់វែងដីធ្លី ជូនពួកគាត់ឱ្យបានមុនពេលបោះឆ្នោតខាងមុខ​ដើម្បីទទួលបានសិទ្ធិដីធ្លីស្របច្បាប់ងាយស្រួលលក់ឬបញ្ចាំធនាគារ៕ដោយ៖សុខុម