សន្ដិសុខសង្គម

បញ្ជូនចៅនិងបក្ខពួក៤នាក់លួចលុយជាង១ម៉ឺនដុល្លារនិងខ្សែកទៅតុលាការ

តាកែវ​៖កម្លាំងនគរបាលបានចាប់ក្មេងប្រុសជាចៅបង្កើត និងគូកន៣នាក់ ករណីលួចលុយជីតា​ជាង១ម៉ឺនដុល្លារនិងខ្សែកមាស២ខ្សែ យកទៅទិញម៉ូតូនិងទូរសព្ទឱ្យមិត្តភក្តិគ្រប់គ្នា។

លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានឱ្យដឹងកាលពីថ្ងៃទី៩ ខែមេសាថា ក្រោយពីមានបណ្តឹង ផ្នែកជំនាញបានស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យ៤នាក់​។ក្នុងនោះមានម្នាក់ជាចៅបង្កើតរបស់ម្ចាស់ទ្រព្យដែលបានលួចគាស់ទូយកលុយអស់ចំនួន១៤.៥០០ដុលា្លរ រួមទាំងខ្សែកមាស២ខ្សែ​ កាលពីរសៀលថ្ងៃទី២ ខែមេសា នៅភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។

ជនសង្ស័យទាំង៤នាក់-ឈ្មោះមូលពិសិដ្ឋ នៅឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវជាចៅបង្កើតជនរងគ្រោះ។ក្នុងនោះសមត្ថកិច្ចដកហូតម៉ូតូម៉ាកនិចអត់ផ្លាកលេខ​១គ្រឿង-ទូរសព្ទអាយហ្វូន១៣ប្រូ១គ្រឿង-ខ្សែកមាស២ខ្សែ និងប្រាក់ដុល្លារចំនួន១ម៉ឺនដុល្លារ។

រីឯបក្ខពួក៣នាក់ឈ្មោះ អ៊ឹង សុភានុត-ឈ្មោះ រ៉េន ចាន់យូ និងឈ្មោះ ហេង មករា។ពួកគេមានអាយុពី១៦និង១៧ឆ្នាំ។ពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតម៉ូតូម៉ាកនិច​អត់ទាន់មានផ្លាកលេខចំនួន៣គ្រឿង និងទូរសព្ទអាយហ្វូន១៣ប្រូចំនួន៣គ្រឿងដែលឈ្មោះមូល ពិសិដ្ឋជាចៅជនរងគ្រោះទិញឱ្យ។

​ ជនរងគ្រោះឈ្មោះអ៊ុយ ម៉ៅ អាយុ៦៩ឆ្នាំ នៅភូមិឃុំខាងលើ តូ្រវចៅកំហូចបានលួចយកខ្សែក​មាស២ខ្សែនិងប្រាក់ដុល្លារ នៅពេលក្រុមគ្រួសារចេញទៅឆេងម៉េងអស់។បច្ចុប្បន្ននគរបាល​ជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ