សន្ដិសុខសង្គម

បង្រ្កាបឧបករណ៍ឆក់ត្រីខុសច្បាប់និងរឹបអូសវត្ថុតាងខណៈជនល្មើសបានគេចខ្លួន

ពោធិ៍សាត់៖កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានចុះបង្រ្កាបឧបករណ៍ឆក់ត្រីខុសច្បាប់ និងរឹបអូសវត្ថុតាងមួយចំនួន រីឯជនល្មើសបានលោតទឹកគេចខ្លួនបាត់អស់។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា ករណីបង្រ្កាបបទល្មើសនេសាទនេះ ធ្វើឡើងនៅម្តុំព្រែកដីរនាត​បឹងទន្លេសាប ក្នុងភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៩ ខែមេសា។

លោកវរសេនីយ៍ឯក សៀន វិរៈ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ បានឱ្យដឹងថា ផ្នែកជំនាញបានចុះបង្រ្កាបឧបករណ៍ឆក់ត្រីខុសច្បាប់ ។ជាលទ្ធផលរឹបអូសវត្ថុតាងមាន  អាគុយចំនួន៧គ្រឿង-អាំងវែទ័រ៣គ្រឿង-ដងឆក់៣គូ -រីឯក្រុមប្រព្រឹត្តល្មើសបាននាំគ្នាលោតចូលទឹក​រួចគេចខ្លួនបាត់អស់។

លោកនាយការិយាល័យបានបន្តថា កន្លងមកកម្លាំងបានផ្សព្វផ្សាយដល់ប្រជានេសាទនៅភូមិ ឃុំខាងលើ ឱ្យបញ្ឈប់សកម្មភាពនេសាទខុសច្បាប់តទៅទៀត។ពិសេសប្រភេទឧបករណ៍ឆក់ត្រីដើម្បីកុំឱ្យ​ពាក់ព័ន្ធមានទោស។បច្ចុប្បន្ន វត្ថុតាងទាំងអស់ត្រូវបានយកមករក្សាទុកបណ្ដោះអាសន្ន នៅស្នាក់ការនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនបន្ត ៕ដោយ៖វិចិត្រ