សន្ដិសុខសង្គម

ឈប់រថយន្តទិញបារីពេលបើកចេញកិនកូនម្ចាស់ផ្ទះបែកក្បាលស្លាប់

កណ្តាល៖បុរសជនជាតិចិនម្នាក់ត្រូវចាប់ខ្លួនភ្លាមៗ បន្ទាប់ពីបើករថយន្តឈប់ទិញទំនិញ ពេលបើកចេញវិញ​បានកិនកូនម្ចាស់ផ្ទះបណ្តាលឱ្យបែកក្បាលស្លាប់មួយរំពេច។ ហេតុការណ៍នេះបានកើតឡើងនៅមុខផ្ទះលក់ចាប់ហួយមួយ ក្នុងភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី៩ ខែមេសា។

សមត្ថកិច្ចបានឱ្យដឹងថា ក្មេងរងគ្រោះត្រូវរថយន្តកិនស្លាប់ឈ្មោះ ភា សុធារ័ត្ន អាយុ២ខួប ត្រូវជាកូនម្ចាស់ផ្ទះលក់ចាប់ហួយខាងលើ។

សាក្សីបានឱ្យដឹងថា មុនកើតហេតុ មានជនជាតិចិនម្នាក់បើករថយន្តម៉ាកស្តារិចផ្លាកលេខភ្នំពេញ 2P.2732 បានមកឈប់នៅមុខផ្ទះកើតហេតុដើម្បីទិញស្រាបៀរនិងបារី។ពេលមមាញឹកលក់អីវ៉ាន់ឱ្យភ្ញៀវ ម្តាយមិនបានដឹងថាកូនដើរចេញពីក្នុងផ្ទះទៅលេងនៅមុខរថយន្តនោះទេ។

ក្រោយពីទិញរួច ចិនរូបនោះបានឡើងរថយន្តបើកចេញដោយមិនបានឃើញក្មេងតូចកំពុងលេង​នៅពីមុខរថយន្តក៏កិនបែកក្បាលភ្លាមៗតែម្តង។ជនជាតិចិនដែលជាអ្នកបើករថយន្តបង្កត្រូវប្រជាពលរដ្ឋ​ឃាត់ប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ