សន្ដិសុខសង្គម

ចាប់បុរសម្នាក់រឿងដុតផ្ទះឆេះអស់ព្រោះខឹងទារលុយម្ដាយទិញម៉ូតូមិនបាន

កំពង់ស្ពឺ៖សមត្ថកិច្ចបានចាប់បុរសម្នាក់ករណីយកភ្លើងដុតផ្ទះបណ្តាលឱ្យឆេះអស់ទាំងសម្ភារ ព្រោះខឹងទារលុយម្ដាយទៅទិញម៉ូតូតែម្តាយមិនឱ្យ។

សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍ខាងលើនេះនៅភូមិចាស់ ឃុំពេជមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៩ ខែមេសា។ ជនសង្ស័យត្រូវចាប់ខ្លួនភ្លាមៗឈ្មោះ ខឿន សុភីន អាយុ២១ឆ្នាំ នៅភូមិឃុំខាងលើ។ចំណែកម្តាយឈ្មោះឆឹង លីម អាយុ៤៣ឆ្នាំ។

ប្រភពដដែលបានបន្តថា មុនកើតហេតុ ជនសង្ស័យបានទារលុយពីម្តាយដើម្បីយកទិញម៉ូតូ។តែម្តាយមិនឱ្យ ត្រូវជនសង្ស័យយកភ្លើងទៅដុតផ្ទះឱ្យឆេះតែម្តង។ពេលភ្លើងកំពុងឆេះ កម្លាំងជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ចំនួន១គ្រឿង និងបាញ់ទឹកអស់២រថយន្ត។

ផ្ទះដែលត្រូវភ្លើងឆេះមានទំហំទទឹង៨ម៉ែត្របណ្តោយ៩ម៉ែត្រ ឈើលើថ្មក្រោមប្រក់ក្បឿង ជញ្ជាំងក្តារ បណ្តាលឱ្យឆេះអស់ជាមួយ-ទូសម្លៀកបំពាក់-ស្រូវចំនួន៨បាវ និងសម្ភារមួយចំនួនទៀត។ចំណែកជនសង្ស័យត្រូវសមត្ថកិច្ចបន្តចាត់ការតាមនីតិវិធី៕ដោយ៖វិចិត្រ