អន្តរជាតិ

កងកម្លាំងការពាររបស់អ៊ុយក្រែន បំផ្លាញរ៉ាដាទំនើបដ៏កម្រ Repeynik របស់រុស្ស៊ី

កងកម្លាំងការពារជាតិអ៊ុយក្រែន កាលពីថ្ងៃចុងសប្តាហ៍រំលងទៅនេះ បានបំផ្លាញរ៉ាដាទំនើប​សម្រាប់ចាប់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីដ៏កម្រមួយនៅភាគខាងជើង។

បើយោងតាមបញ្ជាការដ្ឋានប្រតិបត្តិការ Pivnich (ខាងជើង)អ៊ុយក្រែននៅលើបណ្តាញសង្គមហ្វេសបុក កាលពីថ្ងៃអាទិត្យទី ៩ ខែមេសា រ៉ាដានេះត្រូវបានគេស្គាល់ថា Repeynik ជាប្រព័ន្ធរាវរកយន្តហោះគ្មានមនុស្សដ៏ទំនើបមួយរបស់រុស្ស៊ី ខណៈដែលគិតត្រឹមខែមករា ដើមឆ្នាំ២០២៣នេះ រុស្ស៊ីផលិតវាត្រឹមតែ ១១គ្រឿងប៉ុណ្ណោះ តែបានដាក់ដំណើរការតាំងពីឆ្នាំ២០២២មកម្ល៉េះ។ នៅក្នុងសេចក្តីរាយការណ៍លម្អិតបានឲ្យដឹងថា “មន្រ្តីស៊ើបការណ៍មកពីកងពលតូចមេកានិចដាច់ដោយឡែកទី ៣០ បានរកឃើញរ៉ាដា Repeynik របស់រុស្ស៊ី ហើយបានរាយការណ៍កូអរដោនេរបស់វាទៅកាន់កងពលតូចកាំភ្លើងធំដាច់ដោយឡែកទី ៤៥ ដែលឈរជើងនៅក្បែរនោះ ក្រោយមកគោលត្រូវបំផ្លាញដោយជោគជ័យ”។

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការអធិប្បាយបកស្រាយឆ្លើយតបពីខាងរុស្ស៊ីនៅឡើយទេ៕

ប្រភព៖  REUTERS

ប្រភពរូប៖ REUTERS
ប្រែសម្រួល៖សុខ តុលា