កំពត៖ឆ្នេរព្រែកដ៏ទាក់ទាញពីរកន្លែងដែលកើតចេញពីការកែច្នៃរបស់រដ្ឋបាលខេត្តកំពតនឹងទទួលស្វាគមភ្ញៀវជិតឆ្ងាយមកកម្សាន្តសប្បាយចាប់ពី ឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលដ៏ខ្លីខាងមុខតទៅ។ ទីដ៏មនោរម្យនោះគឺឆ្នេរខ្សាច់លេងទឹកកម្សាន្តក្រុងកំពត និងឆ្នេរខ្សាច់កោះស្មៅក្នុងភូមិសាស្ត្រស្រុកទឹកឈូ។
អភិបាលក្រុងកំពត លោក លាង រឿនសុធី បានប្រាប់ឱ្យដឹងថា៖ទេសចរដែលមកកម្សាន្តក្នុងខេត្តកំពតនាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះនឹងបានប្លែកអារម្មណ៍ជាមួយឆ្នេរកម្សាន្តថ្មីពីរកន្លែងប្រកបដោយទេសភាព សោភ័ណភាព បរិស្ថាន អនាម័យស្រស់ស្អាតស្របពេលកន្លងមក ខេត្តកំពតមិនធ្លាប់មាន។មណ្ឌលលម្ហែដ៏មនោរម្យនោះទី១គឺឆ្នេរខ្សាច់លេងទឹកកម្សាន្តក្រុងកំពតប្រវែងជាង៦០០ម៉ែត្រនៅចន្លោះរវាងស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងស្ពានរថភ្លើងដែលអាចងូតទឹកលេងយ៉ាងសប្បាយរីករាយ។ ឆ្នេរខ្សាច់កម្សាន្តនេះរដ្ឋបាលខេត្តបានរៀបចំរួចរាល់មានទាំងផ្លូវល្អស្អាត ហើយក្រុមការងារយុវជនក៏នឹងត្រៀមសម្រាប់កម្មវិធីលេងល្បែងរបាំប្រជាប្រិយក្នុងពិធីបុណ្យចូលឆ្នាំថ្មីផងដែរ។
ទី២ គឺឆ្នេរខ្សាច់កោះស្មៅស្ថិតក្នុងឃុំជុំក្រៀល ស្រុកទឹកឈូ ប្រវែងជាង២.០០០ម៉ែត្រ។ ឆ្នេរខ្សាច់នេះធំទូលាយ មានទីសម្រាប់បោះតង់កន្លែងអង្គុយទទួលទានអាហារ ឬមើលថ្ងៃលិចចូលខ្នងភ្នំបូកគោជាដើម។ លោកអភិបាលក្រុងបានបញ្ជាក់ថា សម្រាប់ឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី នៅទីនោះ រដ្ឋបាលខេត្តនឹងរៀបចំការប្រគំតន្ត្រីសម្រាប់រាំកម្សាន្ត ការបង្ហាញ និងប្រកួតក្បាច់គុនល្បុក្កតោព្រមទាំងសកម្មភាពនៃល្បែងប្រជាប្រិយជាច្រើនទៀត។ និយាយរួម ឆ្នេរកម្សាន្តទាំងពីរនឹងក្លាយជាមជ្ឈមណ្ឌលសម្រាប់ទទួលស្វាគមន៍ភ្គៀវជិតឆ្ងាយចាប់ពីឱកាសបុណ្យចូលឆ្នាំថ្មីនេះតទៅ។
អ្នកក្រុងកំពតដែលតែងដើរហាត់ប្រាណលើសួនច្បារឆ្នេរព្រែកបានរៀបរាប់ថាឆ្នាំនេះពួកគាត់សប្បាយចិត្តជំនួសក្មេងៗព្រោះឃើញរដ្ឋបាលខេត្តបាន រៀបចំក្រុងល្អស្អាតគួរឲ្យចង់នែបនិត្យផ្ទាល់។ ភ្ញៀវទេសចរដែលចូលមកខេត្តកំពតចាប់ពីថ្ងៃបុណ្យចូលឆ្នាំថ្មីខាងមុខពិតជាមិនខុសបំណងឡើយ ពិសេសការប្រទះភ្នែក និងដំណើរលម្ហែកម្សាន្តនៅលើឆ្នេរខ្សាច់ទើបនឹងកើតថ្មីទាំងនោះ។ដោយ៖កំចាយ