អន្តរជាតិ

ឯកសារសម្ងាត់របស់មន្ទីរបញ្ចកោណអាម៉េរិកស្តីពីការជួយយោធាអ៊ុយក្រែនបានបែកធ្លាយ

កាសែត New York Times បានរាយការណ៍ថា ឯកសារសម្ងាត់របស់មន្ទីរបញ្ចកោណសហរដ្ឋអាម៉េរិក​ស្តីពីគម្រោងគ្រោងជួយយោធាអ៊ុយក្រែនបើកការវាយផ្តាច់រុស្ស៊ីនៅនិទាឃរដូវត្រូវបានបែកធ្លាយ។

តាមរយៈប្រភព New York Times ឯកសារស្តីពីការជួយដែលមានការចូលរួមពីសំណាក់​កម្លាំងអាម៉េរិកនិងណាតូនេះ ត្រូវបានបែកធ្លាយនៅលើបណ្តាញសង្គមធ្វីតធ័រ និងតេលេក្រាម។មន្ទីរបញ្ចកោណបាននិយាយថា ខ្លួនកំពុងវាយតម្លៃការរំលោភសន្តិសុខដែលបានរាយការណ៍នេះ។ លេខាធិការរងសារព័ត៌មាន Sabrina Singh បាននិយាយថា “យើងដឹងអំពីរបាយការណ៍នៃការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយនាយកដ្ឋានកំពុងពិនិត្យមើលបញ្ហានេះ”។ ឯកសារដែលមានអាយុកាលយ៉ាងតិចប្រាំ សប្តាហ៍ចាប់ពីថ្ងៃទី ៧ ខែមីនា មានតារាង និងព័ត៌មានលម្អិតអំពីការចែកចាយអាវុធ កម្លាំងកងវរសេនាតូច និងព័ត៌មានរសើបផ្សេងទៀត។

ឯកសារមួយក្នុងចំណោមឯកសារដែលបានពិពណ៌នានេះ មាននិយាយអំពីកាលវិភាគនៃការហ្វឹកហ្វឺនរបស់កងពលតូចប្រយុទ្ធអ៊ុយក្រែនចំនួន ១២ ហើយបាននិយាយថា ៩ ក្នុងចំណោមពួកគេកំពុងត្រូវបានបណ្តុះបណ្តាលដោយកង​កម្លាំងសហរដ្ឋអាម៉េរិក និងអង្គការណាតូ ហើយត្រូវការរថក្រោះចំនួន ២៥០ គ្រឿង និងរថយន្តមេកានិចជាង ៣៥០ គ្រឿង។ យោងតាមកាសែត Times បាននិយាយថា ការលេចធ្លាយឯកសារនេះពិតជាផ្តល់នូវតម្រុយ និងការយល់ដឹងដ៏គួរឱ្យភ័យខ្លាចជាច្រើនណាស់ដល់ដំណើរការរំដោះរបស់អ៊ុយក្រែន៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា

 

The Pentagon