សន្ដិសុខសង្គម

រឿងរ៉ាវបាញ់ស្លាប់២របួសធ្ងន់២នាក់ក្នុងក្រុងសៀមរាបផ្តើម​ពីការ​ចាញ់​ក្តី​នៅ​តុលាការ

​សៀម​រា​ប៖ ព័ត៌មានពិស្តារពាក់ព័ន្ធករណីជនដៃដល់បាញ់ក្នុងគ្រួសារនៅក្រុងសៀមរាប បណ្តាលឱ្យ ស្លាប់២នាក់ របួសធ្ងន់២នាក់កាលពីថ្ងៃទី៧ ខែមេសានោះ គឺផ្តើមចេញពីរឿងរ៉ាវចាញ់ក្តីនៅតុលាការ។

​សមត្ថកិច្ច​បាន​​ឱ្យដឹងថា ករណីបាញ់ប្រហារ​​​​​ទៅលើ​អតីត​ប្រពន្ធ​​និងប្អូនថ្លៃ​ប្រុសឱ្យស្លាប់ទាំង២នាក់​ ជាមួយបងថ្លៃស្រីរបួសធ្ងន់និងខ្មាន់កាំភ្លើងបាញ់ខ្លួនឯងក៏របួសធ្ងន់នោះ គឺ​ផ្តើម​ចេញ​ពី​រឿង​​​គំនុំកាលពី​អំឡុង​ឆ្នាំ​២០២២ ដោយ​ហេតុ​ចាញ់​ក្តី​នៅ​តុលាការ។ខណៈ​តុលាការ​បាន​​កាត់​ចែក​ទ្រព្យ​សម្បត្តិឱ្យទៅ​ខាង​ប្រពន្ធនិងកូន​។

ជនសង្ស័យ​បាន​បាញ់​​នៅ​ទីតាំងផ្សេងគ្នា​​​។​ទី​១​-​​​អតីត​​ប្អូនថ្លៃ​ប្រុសបាញ់​​ស្លាប់​ក្នុងផ្ទះ​និង​ទី​២​-​អតីត​​ប្រពន្ធបាញ់ស្លាប់​នៅ​ផ្សារលើធំថ្មី​។ក្រោយមកបន្តបាញ់​​បងថ្លៃ​ស្រីឱ្យរបួសធ្ងន់ ហើយបាន​បាញ់​ខ្លួនឯងបណ្តាល​ឱ្យ​របួសធ្ងន់ដែរ។ រហូត​មកដល់​ម៉ោង​ជិត៤រសៀល​ថ្ងៃដដែលនេះ ជំនាញ​កំពុង​​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​ខេត្តសៀមរាប ។

​ប្រភពដដែលបានបន្តថា ជន​ដៃដល់ឈ្មោះថា លៀងហៃ អាយុ​៤៣ឆ្នាំ អ្នកលក់​​​បន្លែ ស្រុក​កំណើតនៅ​ខេត្ត​កំពង់ចាម។បច្ចុប្បន្ន​នៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ​របួសធ្ងន់​។ចំណែកអតីតប្រពន្ធ​ដែល​ស្លាប់​​ឈ្មោះ យ៉ង់ ផ​ល្លី អាយុ​៤២​ឆ្នាំ មានកូនប្រុសស្រី២នាក់ក្នុងបន្ទុក​។រីឯ​បងថ្លៃស្រី​​​​​​ឈ្មោះ យ៉ង់ មុំ អាយុ​៤៧​ឆ្នាំ អ្នក​លក់​បន្លែ ​​និងអតីត​ប្អូន​ថ្លៃប្រុស​ឈ្មោះ ហាក់ ណា​រ៉ុ​ង អាយុ៣៨​ឆ្នាំ​។ ​ជន​រង​គ្រោះទាំង​៣នាក់ កន្លែងកំណើតស្រុក​ស្អាង ខេត្តកណ្តាល បច្ចុប្បន្ននៅ​ភូមិ​សង្កាត់​ខាងលើ។​

អ្នក​ស្លាប់​ទាំង​២​នាក់ ​​ត្រូវ​​សមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារយក​ទៅ​ធ្វើបុណ្យ​ រីឯ​ស្ត្រី​រងរបួសកំពុង​សង្គ្រោះ​បន្ទាន់​។ចំពោះ​ជន​​ដៃដល់​ត្រូវសមត្ថកិច្ចដាក់​ខ្នោះជាប់នឹងគ្រែ​ក្នុង​មន្ទីរពេទ្យ ​ហើយបន្តចាត់​ការ​តាម ​នីតិវិធី​៕ដោយ៖វិចិត្រ