សន្ដិសុខសង្គម

រថយន្តធំនិងរថយន្តដឹកដីបុកគ្នា តៃកុងម្នាក់ស្លាប់និងម្ខាងទៀតរត់បាត់

តាកែវ៖រថយន្តសណ្តោងរ៉ឺម៉កធុនធំបានបុកជាមួយរថយន្តដឹកដីក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង បណ្តាលឱ្យតៃកុងម្នាក់ស្លាប់ និងតៃកុងម្ខាងទៀតបានចុះរត់គេចខ្លួនបាត់។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅផ្លូវលេខ១២៩ ក្នុងភូមិស្លាខាងលិច ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ កាលពីព្រលប់ថ្ងៃទី៧ ខែមេសា។

សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុរថយន្តសណ្តោងរ៉ឺម៉កផ្លាកលេខតាកែវ 3A.2077 ។ តៃកុងឈ្មោះ សុទ្ធ ចម្រើន អាយុ២៥ឆ្នាំនៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ បើកពីកើតទៅលិច។

មកដល់កន្លែងខាងលើបានបុកជាមួយរថយន្តដឹកដីមកពីមុខពេញទំហឹងបានបណ្តាលឱ្យអ្នកបើកបររថយន្តសណ្តោងរ៉ឺម៉កស្លាប់ភ្លាម។ចំណែករថយន្តដឹកដីផ្លាកលេខចង្កូតស្តាំ kps 0817 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណព្រោះក្រោយកើតហេតុបានចុះពីរថយន្តរត់គេចខ្លួនបាត់។

ក្រោយមកសមត្ថកិច្ចបានយករថយន្តទាំង២គ្រឿងទៅទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនបន្ត៕ដោយ៖វិចិត្រ