សន្ដិសុខសង្គម

មិនទាន់ចាប់បានអ្នកលួចដុតរថយន្តទំនើបឱ្យឆេះខ្ទេចអស់នៅស្រុកកំរៀង

បាត់ដំបង៖រហូតមកដល់ពេលនេះសមត្ថកិច្ចមិនទាន់ចាប់បានអ្នកលួចដុតរថយន្តទំនើបមួយគ្រឿងឱ្យឆេះខ្ទេចអស់នៅឡើយ ខណ:ម្ចាស់ចតទុកមុខរោងស្តុកនិងអប់ផ្លែមៀន។

ប្រភពព័ត៌មានបានឱ្យដឹងថា ករណីលួចដុតរថយន្តនេះបានកើតឡើងនៅត្រង់រោងស្តុកផ្លែមៀន ក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី៦ ខែមេសា។ម្ចាស់រថយន្តឈ្មោះ ពេជ្រ សីហា អាយុ ៣៥ឆ្នាំ អ្នកលក់ដូរនៅភូមិឃុំខាងលើ។ចំពោះរថយន្តម៉ាក TOYOTA CAMRY ផ្លាកលេខភ្នំពេញ 2Q-0960 ត្រូវភ្លើងឆេះអស់ទាំងស្រុង។

ប្រភពដដែលបានបន្តថា កន្លងមកម្ចាស់បានចតរថយន្តទុកនៅមុខរោងស្តុកនិងអប់ផ្លែមៀនដូចធម្មតា។នៅយប់កើតហេតុ កម្មករដែលដេកចាំនៅរោងស្តុកផ្លែមៀននោះបានឃើញមនុស្សដើរក្បែររថយន្តដែរ។ដោយសារខ្លួនមិនចាប់អារម្មណ៍ក៏ដេកបន្តទៀត។ មួយសន្ទុះក្រោយមកក៏បានឮសំឡេងផ្ទុះ និងឆេះរថយន្តពេញបន្ទុកតែម្តង។

ករណីនេះសមត្ថកិច្ចមូលដ្ឋានមិនទាន់កំណត់ពីមូលហេតុឱ្យបានច្បាស់លាស់នៅឡើយទេ ខណៈ កំពុងស្រាវជ្រាវប្រមូលភស្តុតាងដើម្បីអនុវត្តតាមវិធានការច្បាប់៕ដោយ: ព្រះអង្គខ្មៅ