អន្តរជាតិ

ត្បូងទទឹម១គ្រាប់ដ៏ធំមិនធ្លាប់មានបានដាក់ដែញថ្លៃក្នុងតម្លៃជាង៣០លានដុល្លារ

ដោយ៖ សហការី

ត្បូងទទឹម១គ្រាប់ដ៏ធំបានដាក់ដេញថ្លៃក្នុងតម្លៃជាង ៣០លានដុល្លារ ក្នុងទីក្រុងញូវយ៉ក នៅរដូវក្តៅនេះ កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

បើយោងតាមការចុះផ្សាយរបស់ mail online កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៣ បានឲ្យដឹងថា ត្បូងដ៏ធំមួយនេះគេបានរកឃើញកាលពីខែកក្កដា ឆ្នាំ ២០២២ នៅប្រទេស ម៉ូសំប៊ិក ក្នុងអណ្តូងរ៉ែមួយកន្លែង ដែលគ្រប់គ្រងដោយក្រុមហ៊ុន Fura គឺជាក្រុមហ៊ុនរុករករ៉ែ មានមូលដ្ឋាននៅទីក្រុងឌូបៃ។

ត្បូងនេះមានទំហំ ៥៥.២២ការ៉ាត់ ពិតជាធំមិនធម្មតា វាមិនត្រឹមតែមានទំហំដ៏ធំហើយកើតចេញ​ពីធម្មជាតិសុទ្ធល្អប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យហាងដាក់តាំងត្បូងនេះផ្ទុះភាពល្បីល្បាញថែមទៀតផង។ ​ត្បូងទទឹមមួយនេះត្រូវបានគេដាក់ឈ្មោះតាមភាសា ព័រទុយហ្គាល់ ថា Estrela de Fura Fura Star។ ស្ថាប័ណ្ណ Sotheby’s បានធ្វើការប៉ាន់ស្មានតម្លៃត្បូងនេះថាមានតម្លៃថ្លៃជាង ៣០លានដុល្លារអាម៉េរិក។

ការ​រក​ឃើញត្បូង​ Estrela de Fura មានគេ​គិត​ថា វាមានតែនៅ​ឯប្រទេស​ភូមា​ប៉ុណ្ណោះ​ទេ ដែល​មាន​ត្បូង​ទទឹម​មាន​ពណ៌ភ្លឺ​​ច្បាស់​បែប​នេះ។ អ្នក​វិភាគ​មួយ​ចំនួន​បាន​និយាយដែរ​ថា ការ​រក​ឃើញ ‘ម្តង​ម្កាលក្នុង​មួយ​សតវត្ស’ កំពុង​ធ្វើឲ្យរំជើបរំជួលនៅក្នុង​ឧស្សាហកម្មរ៉ែ​ត្បូង។

បច្ចុប្បន្ននេះ ត្បូងទទឹមធម្មជាតិទំហំ ៥៥.២២ ការ៉ាត់ បានបំបែកកំណត់ត្រាថ្មី មិនត្រឹមតែសម្រាប់ត្បូងទទឹមម៉ូសំប៊ិក ប៉ុណ្ណោះទេ គឺសម្រាប់ត្បូងទទឹមទូទៅលើសាកលលោក។

ប្រធានក្រុមហ៊ុន Sotheby’s Jewelry America លោក Quig Bruning បានថ្លែងថា ការរកឃើញត្បូងនេះបានធ្វើឲ្យមានការផ្លាស់ប្តូរទស្សនៈយល់ដឹងអំពីត្បូងអាហ្វ្រិក ដែលធ្វើឱ្យគេផ្តល់តម្លៃសមភាពជាមួយនឹងត្បូងភូមា។ មន្ទីរពិសោធន៍ Gubelin Gem Lab ដែលជាមន្ទីរពិសោធន៍មួយក្នុងចំណោមមន្ទីរពិសោធន៍ពីរផ្សេងគ្នា បានផ្តល់ចំណាត់ថ្នាក់ដល់ត្បូងហើយនិយាយថា ទំហំ និងគុណភាពនៃត្បូងទទឹមនេះ គឺ ‘ធ្វើឲ្យយើងស្ទើរតែស្មានមិនដល់សោះឡើយ’ ៕