អន្តរជាតិ

​ចិន​មានគម្រោងដាក់​ខ្សែកាប​អ៊ីនធឺណេត​ក្រោម​ទឹក​​សមុទ្រតម្លៃ​ ៥០០ ​លាន​ដុល្លារ​ប្រកួតប្រជែង​​អាម៉េរិក

ចិនកំពុងអភិវឌ្ឍន៍បណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រដែលមានតម្លៃ ៥០០ លានដុល្លារដើម្បីប្រជែងនឹងសហរដ្ឋអាម៉េរិក។

យោងតាមប្រភពចេញផ្សាយដោយរ៉យទ័រដែលបានដកស្រង់ប្រភពសុំមិនបញ្ចេញឈ្មោះច្រើននាក់នៅថ្ងៃសុក្រទី ៧ ខែមេសានេះបានឲ្យដឹងថា គម្រោងខ្សែកាបអ៊ីនធើណេតរបស់ក្រុមហ៊ុន​ទូរគមនាគមន៍ចិននេះនឹងភ្ជាប់តំបន់អាស៊ី មជ្ឈិមបូព៌ា និងអឺរ៉ុប។ ផែនការនេះ គឺជាសញ្ញាមួយបង្ហាញថា សង្រ្គាមបច្ចេកវិទ្យាកាន់តែខ្លាំងក្លារវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ពិសេសលើវិស័យអ៊ីនធឺណេត។ ក្រុមហ៊ុនដឹកជញ្ជូនសំខាន់ៗចំនួនបីរបស់ប្រទេសចិន​ក្នុងគម្រោងនេះរួមមាន – សាជីវកម្មទូរគមនាគមន៍ចិន(China Telecom), China Mobile Limited និង China United Network Communications Group Co Ltd ឬហៅថា(China Unicom) – ដោយបាននិងកំពុងរៀបចំផែនទីបណ្តាញខ្សែកាបក្រោមសមុទ្រទំនើបបំផុត និងឆ្ងាយបំផុតរបស់ពិភពលោក។

មនុស្សបួននាក់ដែលដឹងពីផែនការនេះបាននិយាយថា EMA (អឺរ៉ុប-មជ្ឈិមបូព៌ា-អាស៊ី) ខ្សែដែលបានស្នើឡើងនឹងតភ្ជាប់ទីក្រុងហុងកុងទៅកាន់ខេត្តកោះហៃណានរបស់ប្រទេសចិន មុនពេលធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប និងបារាំង។ ខ្សែដែលនឹងត្រូវចំណាយអស់ប្រមាណ ៥០០ លានដុល្លារដើម្បីបញ្ចប់ នឹងត្រូវផលិត និងដាក់ដោយក្រុមហ៊ុន HMN Technologies Co Ltd របស់ប្រទេសចិន។

ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់រ៉យទ័រថា ខ្លួនតែងតែលើកទឹកចិត្តសហគ្រាសចិនឱ្យអនុវត្តការវិនិយោគ និងកិច្ចសហប្រតិបត្តិការពីបរទេស។ ព័ត៌មាននៃខ្សែកាបដែលបានគ្រោងទុកបានកើតឡើងបន្ទាប់ពីរបាយការណ៍របស់រ៉យទ័រកាលពីខែមុន ដែលបង្ហាញពីរបៀបដែលរដ្ឋាភិបាលសហរដ្ឋអាម៉េរិក មានការព្រួយបារម្ភអំពីការលួចលាក់​របស់ទីក្រុងប៉េកាំងលើទិន្នន័យអ៊ីនធឺណិត ធ្វើឲ្យមានការរារាំងដល់គម្រោងខ្សែកាបក្រោម​សមុទ្រចិននៅបរទេស មួយចំនួនផ្សេងទៀតក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ។

ទីក្រុងវ៉ាស៊ីនតោនក៏បានបិទអាជ្ញាប័ណ្ណខ្សែកាបបាតសមុទ្រឯកជនដែលបានគ្រោងទុកភ្ជាប់សហរដ្ឋអាម៉េរិកជាមួយទឹកដីចិននៃហុងកុង រួមទាំងគម្រោងដែលដឹកនាំដោយ Google LLC, Meta Platforms, Inc និង Amazon.com Inc ផងដែរ។ ខ្សែកាបទាំងនេះ ងាយរងគ្រោះនឹងការធ្វើចារកម្ម និងការបំផ្លិចបំផ្លាញ បានក្លាយជាអាវុធនៃឥទ្ធិពលនៅក្នុងការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាម៉េរិក និងចិន៕

ប្រភព៖  REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា