អន្តរជាតិ

ឧទ្ធម្ភាគចក្រ Black Hawk របស់ជប៉ុនបានបាត់ខ្លួនជាមួយមនុស្ស ១០ នាក់

ឧទ្ធម្ភាគចក្រកងទ័ពជប៉ុនដឹកសមាជិកយានិក១០នាក់ ត្រូវបានគេជឿថា បានធ្លាក់ចូលទៅក្នុងសមុទ្រ បន្ទាប់ពីវត្ថុដែលមើលទៅដូចជាបំណែកយន្តហោះត្រូវបានគេប្រទះឃើញនៅថ្ងៃព្រហស្បតិ៍។

ឧទ្ធម្ភាគចក្រ UH-60 Black Hawk បានបាត់ពីរ៉ាដាកាលពីរសៀលថ្ងៃព្រហស្បតិ៍ទី ៦ ខែមេសា ឆ្នាំ២០២៣ ខណៈដែលកំពុងបំពេញបេសកកម្មឈ្លបយកការណ៍ភាគខាងជើងនៃកោះ Miyako ។ ប្រធានកងកម្លាំងស្វ័យការពារដី លោក Yasunori Morishita បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន​មួយថា កម្ទេចកម្ទីដែលគេជឿថាជាបំណែកយន្តហោះត្រូវបានគេប្រទះឃើញនៅក្នុងតំបន់ ចម្ងាយប្រហែល ១៨០០ គីឡូម៉ែត្រភាគនិរតីនៃទីក្រុងតូក្យូ។

សារព័ត៌មានក្យូដូ បាននិយាយថា កប៉ាល់ឆ្មាំឆ្នេរសមុទ្រជប៉ុន ក៏បានរកឃើញដាននៃប្រេង ដែលអាចទាក់ទងនឹងឧទ្ធម្ភាគចក្រដែលបាត់នោះ ប៉ុន្តែក្រុមមន្ត្រីបានបដិសេធមិនបញ្ជាក់របាយ​ការណ៍លម្អិតនោះទេ។ លោក Morishita បាននិយាយថា ឧទ្ធម្ភាគចក្រនេះត្រូវបានឈរជើង​នៅមូលដ្ឋានកងទ័ពក្នុងតំបន់ដ៏សំខាន់មួយនៅក្នុងខេត្ត Kumamoto នៅលើកោះ Kyushu ភាគខាងត្បូង ហើយសមាជិកអាកាសយានិកម្នាក់ក្នុងចំណោម១០នាក់គឺជាមេបញ្ជាការកងពល គឺ Yuichi Sakamoto ។ លោកបាននិយាយថា “ដើម្បីជួយសង្គ្រោះអ្នកទាំងអស់ដែលនៅលើយន្តហោះឱ្យបានឆាប់​តាមដែលអាចធ្វើទៅបាន យើងនឹងបន្តធ្វើឱ្យអស់ពីសមត្ថភាពរបស់យើង … ដោយប្រើនាវា និងយន្តហោះនៃកងកម្លាំងការពារដែនសមុទ្រ និងដែនអាកាស ក៏ដូចជានាវាល្បាតឆ្មាំសមុទ្រ”។ មូលហេតុជាក់លាក់នៅមិនទាន់ដឹងនៅឡើយទេ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា