អន្តរជាតិ

អ៊ុយក្រែនថា៖ យន្តហោះចម្បាំងអាម៉េរិក F-16 មានប្រសិទ្ធភាពខ្លាំងជាង MiG-29សូវៀត៤ទៅ៥ដង

មេបញ្ជាការទ័ពអាកាសអ៊ុយក្រែនបាននិយាយថា យន្តហោះចម្បាំងអាម៉េរិក F-16 មានប្រសិទ្ធភាពខ្លាំងណាស់ ខ្លាំងជាងយន្តហោះចម្បាំង MiG-29ផលិតដោយសូវៀតដល់​៤ទៅ៥ដងឯណោះ។

លោក Serhiy Holubtsov ដែលជាមេបញ្ជាការជាន់ខ្ពស់បំផុតម្នាក់នៅក្នុងកងទ័ពអាកាសអ៊ុយក្រែន​បាននិយាយថា ខណៈពេលដែលការបរិច្ចាគយន្តហោះចម្បាំង MiG-29 សម័យសូវៀតដោយសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនគឺជា “ជំហានសំខាន់” តែយន្តហោះទាំងនោះមិនបានបំពេញតាមតម្រូវការសមរភូមិរបស់អ៊ុយក្រែនបានទាំងស្រុងនោះទេ។ លោកបាននិយាយនៅលើកញ្ចក់ទូរទស្សន៍ជាតិកាលពីថ្ងៃព្រហស្បតិ៍ថា “យន្តហោះចម្បាំង F-16ទៅវិញទេទើបគឺជាយន្តហោះចម្បាំងដែលនឹងក្លាយជាយន្តហោះ   ពហុតួនាទី ដែលអាចបំពេញនូវវិសាលគមទាំងមូលនៃភារកិច្ចនៅលើអាកាស” ។ លោកបន្តថា “ជាអកុសល MiG-29 សូវៀត គឺជា [យន្តហោះ] ពីសតវត្សយូរ”។

ការបញ្ជាក់នេះ ធ្វើឡើងក្រោយពេលដែលប៉ូឡូញ និងស្លូវ៉ាគី ថ្មីៗនេះបានចាប់ផ្តើមប្រគល់យន្តហោះចម្បាំង MiG-29 ឱ្យអ៊ុយក្រែន។ សម្ព័ន្ធណាមួយនៃម្ចាស់ជំនួយ F-16 ទំនងជាពឹងផ្អែកលើការគាំទ្រពីសហរដ្ឋអាម៉េរិក ដែលជាប្រតិបត្តិករដ៏ធំបំផុត និងអ្នកសាងសង់យន្តហោះនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោនបានច្រានចោលការបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់ប្រទេសអ៊ុយក្រែននាពេលនេះ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា