សន្ដិសុខសង្គម

ស៊ើបអង្កេតករណីបាញ់សម្លាប់អតីតប្រពន្ធ, ប្អូននិងបងថ្លៃ រួចបាញ់ខ្លួនឯង

សៀមរាប៖ជម្លោះក្នុងក្រុមគ្រួសារមួយឈានទៅមានអំពើឃាតកម្ម ដោយបុរសម្នាក់​បានបាញ់អតីតប្រពន្ធ, ប្អូនថ្លៃប្រុសនិងបងថ្លៃស្រី ឱ្យរងរបួសធ្ងន់និងស្លាប់ រួចបាញ់ខ្លួនឯង សមត្ថកិច្ចបានបើកការស៊ើបអង្កេត។

មន្ត្រីសមត្ថកិច្ចក្នុងអន្តរាគមន៍បានឱ្យដឹងថា ជនសង្ស័យដែលគេស្គាល់ឈ្មោះហៅក្រៅថា ផ្នូក បានប្រើកាំភ្លើងខ្លីបាញ់អតីតប្អូនថ្លៃប្រុស, បងថ្លៃស្រីរងរបួសធ្ងន់។បន្ទាប់មកខ្មាន់កាំភ្លើងបានបន្តទៅបាញ់អតីតប្រពន្ធកំពុងលក់ដូរក្នុងផ្សារលើធំថ្មី បណ្តាលឱ្យស្លាប់ រួចជនដៃដល់ក៏បាញ់ខ្លួនឯងរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ករណីឃាតកម្មក្នុងគ្រួសារមួយនេះបានកើតឡើងនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី៧ ខែមេសា។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដើមរឿងបុរសបង្កហេតុនិងប្រពន្ធទើបតែលែងលះគ្នា ហើយការបាញ់ប្រហារនេះសង្ស័យផ្ដើមចេញពីជម្លោះបញ្ហាទ្រព្យសម្បត្តិ។

ប៉ុន្តែទោះយ៉ាងណាក្តី សមត្ថិច្ចមិនទាន់បញ្ជាក់លម្អិតពីសាច់រឿងស៊ីជម្រៅនៅឡើយទេ ហើយបន្តបើកការស៊ើបអង្កេតក្នុងករណីបាញ់ប្រហារនេះ៕ដោយ៖វិចិត្រ