សន្ដិសុខសង្គម

សមត្ថកិច្ចបញ្ជូនបុរសម្នាក់ករណីលួចរថយន្តបែនធុនធំទៅតុលាការ

តាកែវ៖កម្លាំងនគរបាលខេត្តតាកែវ បានឃាត់ខ្លួនបុរសម្នាក់ករណីលួចរថយន្តបែនធុនធំ នៅភូមិតានប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី៦ ខែមេសា និងបញ្ជូនទៅតុលាការ។​​

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ លុន វណ្ណា អាយុ២៣ឆ្នាំ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន នៅភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។បុរសរូបនេះបានលួចរថយន្តបែនធុនធំម៉ាក NISSAN DUMP ផ្លាកលេខចង្កូតស្តាំ KPS-8388 របស់ម្ចាស់ឈ្មោះ ហួ វូចង៉ែត ភេទស្រី អាយុ៤៧ឆ្នាំ នៅឃុំ ស្រុកជាមួយគ្នា។

ក្រោយលួចបានជនសង្ស័យបានបើករថយន្តគេចខ្លួនដល់ភូមិក្រាំងធ្នង់ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ស្រាប់តែរថយន្តនោះក្រឡាប់នៅមាត់ប្រឡាយ ត្រូវនគរបាលស្រុកបាទីនិងនគរបាលស្រុកសំរោង សហការចុះចាប់ជនសង្ស័យបានតែម្តង។

ក្រោយមកនគរបាលបានកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់។រីឯរថយន្តបែនធុនធំដែលចោរលួចនោះ សមត្ថកិច្ចបានប្រគល់ឱ្យម្ចាស់វិញ៕ដោយ៖វិចិត្រ