អន្តរជាតិ

រាប់ពាន់នាក់ភៀសខ្លួនចូលក្នុងប្រទេសថៃ ចំពេលមានការប្រយុទ្ធថ្មីនៅមីយ៉ាន់ម៉ា

មនុស្សរាប់ពាន់នាក់បានភៀសខ្លួនចូលប្រទេសថៃ ចំពេលដែលមានការប្រយុទ្ធគ្នាជាថ្មីនៅក្នុង​ប្រទេសមីយ៉ាន់ម៉ា។

យោងតាមមន្ត្រីថៃបានឱ្យដឹងថា មនុស្សរាប់ពាន់នាក់បានភៀសខ្លួនឆ្លងព្រំដែន ចំពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងក្រុមតស៊ូប្រដាប់អាវុធរបស់មីយ៉ាន់ម៉ា និងយោធាជាតិមីយ៉ាន់ម៉ាគ្រប់គ្រងដោយលោកឧត្តមសេនីយ៍មីនអ៊ុងឡាំង។ ខាងមន្ត្រីថៃបានបញ្ជាក់បន្ថែមថា ការប្រយុទ្ធគ្នាបានកើតឡើងនៅជិតព្រំដែន ដែលត្រូវបានប្រមូលផ្តុំនៅជិតទីក្រុង Myawaddy ក្នុងរដ្ឋ Karen ភាគខាងត្បូង ដែលត្រូវបានគេស្គាល់ថា Kayin ជាប់ព្រំដែនខេត្ត Tak របស់ប្រទេសថៃ។ មន្ត្រីខេត្ត Tak បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មនុស្សប្រហែល ៣៩៩៨ នាក់បានភៀសខ្លួនចូលទៅក្នុងជម្រកបណ្តោះអាសន្នរបស់ប្រទេសថៃនៅទូទាំង ១០ តំបន់”។ កាសែត Khaosod English របស់ប្រទេសថៃ និង BBC ភូមា បាននិយាយថា ការប្រយុទ្ធគ្នាបានផ្ទុះឡើង បន្ទាប់ពីមានការវាយប្រហារលើប៉ុស្តិ៍ការពារព្រំដែនដោយក្រុមយុទ្ធជនប្រដាប់អាវុធមកពីកងទ័ពរំដោះជាតិ Karen ដែលជាក្រុមប្រដាប់អាវុធជនជាតិភាគតិច។

បើតាមបុគ្គលិក​សប្បុរសធម៌​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មានរ៉យទ័រ “មនុស្សជាច្រើនបានឆ្លងព្រំដែនតាំងពីម្សិលមិញ ហើយអ្នកខ្លះនៅតែរង់ចាំនៅខាងមីយ៉ាន់ម៉ាដើម្បីឆ្លង។ អ្នកឆ្លងមក​មិន​មាន​ទឹក​ស្អាត​គ្រប់គ្រាន់ ឬ​បង្គន់​អនាម័យ​ទេ​សម្រាប់​ពេល​នេះ”។

គួរដឹងថា ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុងភាពចលាចល ចាប់តាំងពីពេលដែលយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi ក្នុងខែកុម្ភៈ ឆ្នាំ ២០២១ នាំឱ្យមានការតវ៉ាទ្រង់ទ្រាយធំ និងការបះបោរប្រដាប់អាវុធ៕

ប្រភព៖  ALJAZEERA

ប្រែសម្រួល៖សុខ តុលា