អន្តរជាតិ

យុវជនក្មេងជាងគេលើលោកធ្វើដំណើរក្នុងទ្វីបអឺរ៉ុបម្នាក់ឯងបំបែកកំណត់ត្រា

ដោយ៖ សហការី 

យុវជនក្មេងជាងគេបំផុតក្នុងពិភពលោកដែលបានសម្រេចក្តីសុបិនរបស់ខ្លួន ដោយធ្វើដំណើរ​កម្សាន្ដនៅជុំវិញទ្វីបអឺរ៉ុបតែម្នាក់ឯង ជាប់កំណត់ត្រាពិភពលោក Guinness។

ក្មេងប្រុសជនជាតិអាម៉េរិក Rio Matsuoka នៅក្នុងអាយុ ១៨ឆ្នាំ ១០១ថ្ងៃ បានក្លាយជាមនុស្ស​ក្មេងជាងគេបំផុតលើពិភពលោក ដែលអាចធ្វើដំណើរកម្សាន្តទៅគ្រប់ប្រទេសជុំវិញទ្វីបអឺរ៉ុប។

ការសម្រេចចិត្តរបស់គាត់ធ្វើឡើងនៅថ្ងៃខួបកំណើតគម្រប់ ១៨ឆ្នាំ គាត់បានចាប់ផ្តើម​រៀបគម្រោងសម្រាប់ដំណើរកម្សាន្តមួយនេះ ដើម្បីសម្រេចក្តីសុបិនរបស់ខ្លួន និងចង់ជាប់កំណត់ត្រាពិភពលោក។

យុវជន Rio ពន្យល់ថា “ពិតណាស់វាជារឿងចៃដន្យមួយដែលខ្ញុំបានសម្រេចចិត្តសាកល្បង​បំបែកកំណត់ត្រាពិភពលោក”។ “ហើយខ្ញុំប្រាប់គ្រួសារខ្ញុំថា ខ្ញុំចង់ធ្វើដំណើរទៅអឺរ៉ុបបន្ទាប់ពីខ្ញុំ​បញ្ចប់កាសិក្សានៅវិទ្យាល័យ ហើយនៅខណៈពេលដែលកំពុងធ្វើការសិក្សាស្រាវជ្រាវ ខ្ញុំក៏នឹកឃើញថា តើមាននរណាម្នាក់ដែលមានវ័យក្មេងជាងគេបានទៅលេងគ្រប់ប្រទេសនៅអឺរ៉ុបហើយបានបំបែកឯតទគ្គកម្មពិភពលោកហើយឬនៅ ដូច្នេះខ្ញុំចង់បំបែកកំណត់ត្រានេះ។

យុវជនរូបនោះបានធ្វើដំណើរតែម្នាក់ឯងតាមការគ្រោងទុក នៅពេលធ្វើដំណើរគាត់​បាន​បង្កើត​មិត្តភក្តិ​ជា​ច្រើន​នៅ​តាម​ផ្លូវ ហើយ​គាត់​សង្ឃឹម​ថា​នឹង​បាន​ជួប​គ្នាម្តងទៀតនៅ​ក្នុង​ពេល​ឆាប់ៗខាងមុខ។ ការធ្វើដំណើររបស់គាត់បានចាប់ផ្តើមទៅកាន់ប្រទេសអ៊ីស្លង់ដ៏ត្រជាក់ និងពោរពេញដោយ​ទេសភាពប្លែកៗមុនគេ ហើយក៏បានបញ្ចប់វានៅប្រទេសម៉ាល់តា។ ភាគច្រើនគាត់បានធ្វើដំណើរឆ្លងកាត់អឺរ៉ុបខាងលិចដោយជិះរថភ្លើង និងភាគច្រើននៃអឺរ៉ុបខាងកើតដោយការជិះរថយន្តក្រុង ហើយបានជិះយន្តហោះទៅកាន់​ប្រទេសមួយចំនួនដូចជារុស្ស៊ី និងចក្រភពអង់គ្លេសជាដើម។

យុវជនអាម៉េរិកម្នាក់នេះបានឲ្យដឹងទៀតថា នៅក្នុងអំឡុងពេញធ្វើដំណើរនោះរូបគេក៏បានជួបបញ្ហាដែរ តែគេបានប្រាប់ខ្លួនឯងថាត្រូវតែតស៊ូនិងទៅមុខជានិច្ច។ នៅក្នុងវ័យត្រឹមអាយុ ១៨ឆ្នាំ Rio មានអារម្មណ៍ថា ការធ្វើដំណើរនេះបានជួយឲ្យគាត់មានភាពចាស់ទុំ និងស្គាល់ខ្លួនឯងកាន់តែច្បាស់។ គាត់និយាយថា “ខ្ញុំបានសិក្សាច្រើនអំពីខ្លួនខ្ញុំ អំពីអ្វីដែលខ្ញុំចូលចិត្តធ្វើ ក៏ដូចជាការយល់ដឹងបន្ថែមកាន់តែច្រើនអំពីពិភពលោកដ៏ពិតប្រាកដមួយ។ ខ្ញុំ​គិត​ថាការធ្វើដំណើរមើលពិភពខាងក្រៅនោះ រឿងធំបំផុត​សម្រាប់​ខ្ញុំ ​គឺ​ការ​ឈ្វេងយល់អំពីស្ថានភាព​លំបាក​ដែលជា​ឱកាស​ឲ្យខ្ញុំចេះ​សម្រប​ខ្លួន” ៕