សន្ដិសុខសង្គម

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ លើកលែងទោស អតីតអភិបាលខេត្តតាកែវ

ភ្នំពេញ៖ព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញ ព្រះរាជក្រឹត្យលើកលែងទោស លោកឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ។

តាមព្រះរាជក្រឹត្យដែលអ្នកសារព័ត៌មានទទួលបានកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ គឺព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោសឱ្យ លោកឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ដែលត្រូវបានផ្ដន្ទាទោសពាក់ព័ន្ធអំពើឃាតកម្ម។

ព្រះរាជក្រឹត្យព្រះមហាក្សត្របានបញ្ជាក់ថា “លើកលែងទោសឱ្យទណ្ឌិតឈ្មោះ ឡាយ វណ្ណៈ ភេទប្រុស អាយុ៥០ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់១៣ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ៤៤៥ VI ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ របស់តុលាការកំពូល”។

ការចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោសនេះ ធ្វើឡើងតាមសំណើទូលថ្វាយ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ព្រះមហាក្សត្រត្រាស់បង្គាប់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ៕ដោយ៖វិចិត្រ