សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យប្រើកន្ត្រៃចាក់សម្លាប់ប្រពន្ធព្រោះប្រចណ្ឌទៅតុលាការ

ភ្នំពេញ​៖កម្លាំងនគរបាលខណ្ឌដង្កោ ថ្ងៃទី៧ ខែមេសានេះបានបញ្ជូនជនសង្ស័យជាប្តីទៅតុលាការ ករណីប្រើកន្ត្រៃចាក់សម្លាប់ប្រពន្ធព្រោះតែរឿងប្រចណ្ឌ។

គួរបញ្ជាក់ថា បុរសម្នាក់ព្រោះតែរឿងប្រចណ្ឌ ដោយសង្ស័យប្រពន្ធលួចមានសហាយក៏ប្រើកន្ត្រៃ​ចាក់សម្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកចាត់ការតាមច្បាប់។ពាក់ព័ន្ធករណីចាក់សម្លាប់ប្រពន្ធនេះ ឋិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីម៉ោង​១០ព្រឹក​ថ្ងៃទី៥​ ខែមេសា។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា​ ស្ត្រីដែលស្លាប់ឈ្មោះ យឺន ឌីណា អាយុ៤០ឆ្នាំ ធ្វើជាសន្តិសុខនៅភូមិ​សង្កាត់ខាងលើ។ ចំណែកជនដៃដល់ជាប្ដី​ត្រូវសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ទៀង រស្មី អាយុ៤២ឆ្នាំ អ្នករត់ម៉ូតូឌុប។ពេលចាប់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងកន្ត្រៃតូច១និងទូរសព្ទ២គ្រឿង។

ប្រភពបានបន្តថា មុនកើតហេតុជនសង្ស័យបាននិយាយប្រាប់ប្រពន្ធថា ឱ្យឈប់ធ្វើការជាសន្តិសុខ​ទៀតទៅ ព្រោះខ្លួនមានការប្រចណ្ឌប្រពន្ធទៅលួចលាក់មានសហាយជាមួយសន្តិសុខដូចគ្នា។គ្រានោះប្រពន្ធបានប្រកែកថាមិនឈប់ធ្វើការនោះទេ។

បន្ទាប់មកជនសង្ស័យខឹងនឹងសម្ដីប្រពន្ធក៏ទៅយកកន្ត្រៃ ហើយដើរទៅពីខាងក្រោយចាក់ចំកផ្តូល​សង្កត់ទៅលើពូករហូតជនរងគ្រោះដាច់ខ្យល់ស្លាប់តែម្តង។បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញ​កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ