សន្ដិសុខសង្គម

នាំខ្លួនជនសង្ស័យ២នាក់និងគ្រឿងញៀនជិត១គីឡូក្រាមទៅតុលាការ

ព្រៃវែង៖កម្លាំងនគរបាលខេត្តព្រៃវែង តាមចាប់ក្រុមជួញដូរគ្រឿងញៀន ដោយពន្លាតដែន​សមត្ថកិច្ចដល់ខេត្តកណ្តាល ចាប់ជនសង្ស័យបាន២នាក់និងវត្ថុតាងជិត១គីឡូក្រាម រួចនាំទៅតុលាការ។

មន្ត្រីនគរបាលខេត្តព្រៃវែងបានឱ្យដឹងថា កាលពីថ្ងៃទី៣ ខែមេសា កម្លាំងខេត្តព្រៃវែងបានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ដោយបានពន្លាតដែនសមត្ថកិច្ចរហូតដល់ស្រុកស្អាង ខេត្តកណ្តាល។ជាមួយនោះក៏បានឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតគ្រឿងញៀនសរុបជិត១គីឡូក្រាម ។

ជនសង្ស័យ២នាក់ឈ្មោះ សម្បត្តិសិលា អាយុ ៣១ឆ្នាំនៅភូមិស្វាយសាមសិប ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។ឈ្មោះ ង៉ែត ធា អាយុ៤១ឆ្នាំ នៅភូមិអណ្តូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ពេលបង្ក្រាបសមត្ថកិច្ចដកហូតគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន២៤កញ្ចប់ -ទូរសព្ទ៤គ្រឿង-សម្ភារសម្រាប់សេពនិងវេចខ្ចប់-ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿងនិងវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួន។

បន្ទាប់ពីឃាត់ខ្លួននិងសាកសួររួច ជនសង្ស័យនិងវត្ថុតាងត្រូវបានផ្នែកជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ