សន្ដិសុខសង្គម

ត្រៀមបញ្ជូនបុរសក្លែងជាគ្រូបង្រៀនប៉ងរំលោភក្មេងស្រីទៅតុលាការ

ភ្នំពេញ៖នគរបាលក្រសួងមហាផ្ទៃ បានចាប់បុរសម្នាក់ក្លែងជាគ្រូបង្រៀន ករណីប៉ុនប៉ង រំលោភសេពសន្ថវៈលើក្មេងស្រីអនីតិជន ហើយត្រៀមបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ជា ធារិត អាយុ៣៨ឆ្នាំ។ចំណែកក្មេងស្រីរងគ្រោះអាយុ១៣ឆ្នាំ។បុរសខាងលើត្រូវនគរបាលក្រសួងមហាផ្ទៃ-នគរបាលភ្នំពេញ-នគរបាលខណ្ឌពោធិ៍សែនជ័យ និងអង្គការកាពារកុមារហៅកាត់ CPU សហការចាប់ខ្លួននៅ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី៦ ខែមេសា។

គួររំលឹកថា កាលពីថ្ងៃទី២៨ ខែមីនា ឈ្មោះ ជា ធារិត អាយុ៣៨ បានជិះម៉ូតូទៅទិញទឹកក្រឡុក របស់ម្ដាយក្មេងស្រី។ពេលនោះជនសង្ស័យបានក្លែងខ្លួនជាគ្រូបង្រៀន ហើយបានអះអាងប្រាប់ម្ដាយក្មេងស្រីនោះថា ខ្លួនមានវិញ្ញាសាប្រឡងថ្នាក់ទី៩។

នៅថ្ងៃទី១ ខែមេសា ឈ្មោះ ជា ធារិត បានជិះម៉ូតូមកយកក្មេងស្រីពីវិទ្យាល័យភ្នំពេញថ្មី ដឹកទៅវិទ្យាល័យជម្ពូវ័ន។តែឈ្មោះជា ធារិត បានដឹកដល់វត្តតាំងក្រសាំងក៏បានឈប់ ហើយរុញក្មេងស្រីចូលក្នុងបន្ទប់ទឹក រួចយកកូនកាំបិតគំរាមដើម្បីរំលោភសេពសន្ថវៈ តែមិនបានសម្រេច។ បន្ទាប់មកឈ្មោះ ជា ធារិត បានដឹកក្មេងស្រីទៅចូលផ្ទះសំណាក់។តែនាងបានប្រកែក ហើយជនសង្ស័យបានដឹកទៅវិទ្យាល័យភ្នំពេញថ្មីវិញ រួចគេចខ្លួនបាត់។ លុះដល់ថ្ងៃទី៦ ខែមេសា ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង៕ដោយ៖វិចិត្រ