សន្ដិសុខសង្គម

តុលាការកំពុងសាកសួរបុរសម្នាក់ករណីចេញសែកអត់ប្រាក់

​ភ្នំពេញ៖អាវុធហត្ថភ្នំពេញបានឃាត់ខ្លួនបុរសម្នាក់ ករណីចេញសែកស្អុយតាមបណ្តឹងស្ត្រីជាម្តាយមីង ហើយបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី៥ ខែមេសា និងកំពុងបន្តនីតិវិធី។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ស៊ុ សូលី​ដា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ។ការ​ឃាត់ខ្លួន​បុរសខាងលើ ផ្នែកជំនាញ​បាន​អនុវត្ត​តាម​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួនរបស់​ព្រះរាជអាជ្ញា​រង​រាជធានី​ភ្នំពេញ។

តាម​ដីកា​បញ្ជា​​ឲ្យចូលខ្លួន​បាន​បញ្ជាក់​ថា បុគ្គល​ឈ្មោះ ស៊ុ សូលី​ដា ត្រូវ​បង្ហាញខ្លួន​នៅ​តុលាការឱ្យបាន​មុន​ថ្ងៃ​ទី​១១ ខែមេសាឆ្នាំ​២០២៣ ដើម្បី​សាកសួរ​ពី​ដំណើររឿងចេញ​សែក​អត់​លុយ។ជនសង្ស័យ​ត្រូវ​បាន​តំណាង​អយ្យការ កំពុង​បើក​ការ​ស៊ើបសួរ​រហូត​ដល់​រសៀល​ថ្ងៃ​ទី​៦ ខែមេសា មិន​ទាន់​បាន​បញ្ចប់​នៅឡើយ​។

ដើមហេតុ​នៃ​ការ​ឃាត់ខ្លួន​នេះ ត្រូវ​​ស្ត្រី​ម្នាក់​អះអាង​ជា​ម្តាយមីង ហើយ​បានប្រាប់សមត្ថកិច្ចថា ​គឺ​ផ្តើម​ចេញពី​រឿង​ចងការ​ប្រាក់ ដែល​ក្មួយស៊ុ សូលី​ដា ​ខ្ចី​លុយដើម្បី​យក​ទៅ​ធ្វើ​ដើមទុន​​រកស៊ី ។ក្រោយមក​មុខរបរ​​ក៏​ខាតបង់ហើយមិន​បាន​បង្វិល​ប្រាក់ឱ្យវិញ​ទាន់​ពេលវេលា តែ​បាន​បង់ការប្រាក់​ជា​បន្តបន្ទាប់។

ក្នុង​នោះឈ្មោះស៊ុសូលី​ដា បាន​ដាក់​ប្លង់​ដី​មាន​តម្លៃ​ប្រហាក់ប្រហែល២​ម៉ឺន​ដុល្លា​រនិង​បាន​ចេញ​មូលប្បទានបត្រ​មួយ​សន្លឹកតម្កល់​ឱ្យមានការ​ជឿ​ទុកចិត្ត។ប៉ុន្តែ​ពេល​យក​ទៅបើកលុយ ខាងធនាគារបានប្រាប់ថា“សែកនេះ​អត់មាន​លុយ​ទេ”។ក្រោយមកម្ចាស់លុយដែលជាម្តាយមីងបាន​​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួនក្មូយដើម្បីចាត់ការតាមច្បាប់តែម្តង៕ដោយ៖វិចិត្រ