សន្ដិសុខសង្គម

ជនបរទេសម្នាក់ដួលផ្កាប់មុខចូលលូបណ្តាលឱ្យឈ្លក់ទឹកស្លាប់

កំពត៖ជនបរទេសម្នាក់ត្រូវអ្នកភូមិប្រទះឃើញដួលផ្កាប់មុខចូលលូបណ្តាលឱ្យឈ្លក់ទឹកស្លាប់ បង្កការភ្ញាក់ផ្អើលរហូតសមត្ថកិច្ចចុះដល់គោលដៅពិនិត្យភ្លាមៗ។ហេតុការណ៍នេះ បានកើតឡើងឋិតក្នុងលូទឹកក្បែរផ្លូវបេតុង ភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត កាលពីរសៀលថ្ងៃទី៦ ខែមេសា។

សមត្ថកិច្ចបានឱ្យដឹងថា បុរសបរទេសដែលស្លាប់ឈ្មោះ GRAY CHARLIE FREDERICK អាយុ ៤១ឆ្នាំ ជនជាតិអង់គ្លេស ។

ប្រភពដដែលបានបន្តថា កាលពីរសៀលថ្ងៃទី៦ ខែមេសា ប្រជាពលរដ្ឋបានប្រទះឃើញសព ជនបរទេសម្នាក់នៅក្នុងលូទឹកក្បែរផ្លូវបេតុងឆ្ពោះទៅវត្តអង្គអណ្តូងព្រេង។ភ្លាមៗ អ្នកភូមិក៏ប្រាប់ទៅនគរបាលមូលដ្ឋាន ហើយមន្ត្រីជំនាញផ្នែកបច្ចេកទេសបានចុះ ធ្វើកោសល្យវិច័យរកមូលហេតុនៃការស្លាប់នេះ។

ក្រោយពិនិត្យយ៉ាងល្អិតល្អន់ ក្រុមជំនាញបានសន្និដ្ឋានថា បុរសបរទេសរូបនេះបានដើរដួល ផ្កាប់មុខក្នុងលូ រួចឈ្លក់ទឹករហូតដល់ស្លាប់ដោយអត់មាននរណាឃើញ។ ក្រោយបំពេញសំណុំ ឯកសាររួចរាល់ សពត្រូវបានបញ្ជូនទៅវត្តទឹកថ្លា រាជធានីភ្នំពេញដើម្បីដំណើរការបន្ត៕ដោយ៖កំចាយ