អន្តរជាតិ

ជនជាតិអាម៉េរិកម្នាក់រៀបការជាមួយស្រ្តី ១០៥នាក់ ច្រើនជាងគេបំផុតក្នុងពិភពលោក

ដោយ៖ សហការី

បុរសជនជាតិអាម៉េរិកម្នាក់ក្លាយជាមនុស្សប្រុសដែលបានរៀបការច្រើនដងជាងគេក្នុងពិភពលោក ជាមួយស្ត្រី ១០៥នាក់ដោយមិនលែងលះ រហូតផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។

បើយោងតាមការចុះផ្សាយរបស់កំណត់ត្រាពិភពលោក Guinness នៅថ្ងៃព្រហស្បតិ៍ ទី ៥ ខែមេសា ឆ្នាំ ២០២៣ បានឲ្យដឹងថា លោក Giovanni Vigliotto បានរៀបការនៅក្នុងចន្លោះឆ្នាំ ១៩៤៩ ដល់ ១៩៨១ ជាមួយស្ត្រី ១០៥នាក់ ហើយគ្មានស្ត្រីណាម្នាក់ដែលគាត់លែងលះនោះឡើយ។ The Guinness Record បានឲ្យដឹងទៀតថា គាត់បានរៀបការជាមួយស្ត្រីគ្រប់ទីកន្លែងនៅក្នុងរដ្ឋចំនួន ២៧ របស់អាមេរិក និងនៅទីតាំងផ្សេងៗទៀតចំនួន ១៤កន្លែង ដោយប្រើប្រាស់អត្តសញ្ញាណក្លែងក្លាយ​ខុសៗគ្នាជារៀងរាល់ដង។

ឈ្មោះ Giovanni Vigliotto មិនមែនជាឈ្មោះពិតរបស់គាត់នោះទេ គឺគ្រាន់តែជាឈ្មោះក្លែងក្លាយដែលគាត់ប្រឌិតវាឡើងដើម្បីប្រើប្រាស់ក្នុងបំណងរៀបការជាមួយប្រពន្ធក្រោយៗជាបន្តបន្ទាប់។ Vigliotto តែងព្យាយាមទាក់ទងស្រីៗនៅម្តុំផ្សារញ៉ែ បន្ទាប់មកគាត់ក៏ណាត់ជួបស្ត្រីទាំងនោះរួចសុំរៀបការតែម្តង។ ក្រោយរៀបការគាត់ក៏បានរត់ចោលស្រ្តីទាំងនោះនឹងបានយកទ្រព្យសម្បត្តិទៅជាមួយផងដែរ។ Vigliotto បានលក់របស់របរដែលបានយកទៅចាយវាយហ៊ឺហា ហើយបន្តទៅបោកប្រាស់ស្ត្រីនៅតំបន់ផ្សេងៗទៀត។

ស្រ្តីជាច្រើនបានរាយការណ៍ទៅសមត្ថកិច្ចជំនាញដើម្បីឃាត់ខ្លួន Vigliotto តែទោះបីជាមានសេចក្តីការណ៍ជាច្រើនជូនទៅអាជ្ញាធរក៏ដោយ ក៏ Vigliotto នៅតែអាចគ្រប់គ្រងសភាពការណ៍បាន ហើយបន្តគេចវេះពីការតាមប្រម៉ាញ់របស់សមត្ថកិច្ចជា។ ទោះបីជាយ៉ាងនេះក្តីជនជាតិអាម៉េរិករូបនោះត្រូវបានស្រ្តីរងគ្រោះចុងក្រោយដែលបានរៀបាការជាមួយគាត់ មានឈ្មោះថា Sharon Clark នាងជាអ្នកគ្រប់គ្រងផ្សារញ៉េមកពីរដ្ឋ Indiana បានតាមស្វែងរក Vigliotto ដោយខ្លួនឯងឃើញនៅរដ្ឋផ្លរីដា ហើយក៏ជាកន្លែងដែលអាជ្ញាធរចាប់ខ្លួនបុរស​នោះបាននៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ១៩៨១។

ទីបំផុតនៅក្នុងឆ្នាំ ១៩៨៣ ជនជាតិអាម៉េរិករូបនេះ ត្រូវបានកាត់ទោសដាក់ពន្ធនាគារចំនួន ៣៤ឆ្នាំ ពីបទក្លែងបន្លំអាពាហ៍ពិពាហ៍៕