សេដ្ឋកិច្ច

កម្ពុជា រក្សាបាននូវអត្រាប្តូរប្រាក់រៀល​យ៉ាងល្អប្រសើរ​ទោះក្នុងវិបត្តិកូវីដ-១៩ និងវិបត្តិហិរញ្ញវត្ថុសកល

ដោយៈផាវី

ភ្នំពេញ៖កម្ពុជារក្សាបាននូវអត្រាប្តូរប្រាក់រៀលយ៉ាងល្អប្រសើរ បើទោះជាស្ថិតក្នុងវិបត្តិកូវីដ-១៩ និងវិបត្តិហិរញ្ញវត្ថុសកលយ៉ាងណាក្តី និង​បានជួយរួម​ចំណែករក្សាស្ថិរភាពថ្លៃ និងការពារអំណាចទិញរបស់ប្រាក់រៀលដល់ប្រជាជនរស់នៅតាមបណ្តាខេត្តនិងតំបន់ជនបទ​នេះជាការលើក​ឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។

ក្នុងឱកាសខួបលើកទី៤៣ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ នៅថ្ងៃទី ៥ខែ មេសានៅខេត្តព្រះសីហនុ លោកស្រីបណ្ឌិត ជា សិរី បាន​មានប្រសាសន៍ថានៅក្នុងរយៈពេលប្រមាណ២៥​ឆ្នាំកន្លងមកនេះអត្រាប្តូរប្រាក់រៀលដែលជារូបវត្ថុកម្ពុជាត្រូវបានរក្សា​ឱ្យមាន​ស្ថិរ​ភាព​​បានយ៉ាងល្អប្រសើរជាមួយអត្រា​មធ្យម៤.០៣៦ រៀលក្នុងមួយដុល្លារអាមេរិក គិតចាប់តាំងពីឆ្នាំ១៩៩៨មកទោះបីជាមាន​ការប្រែប្រួល​​ក៏​ស្ថិតក្នុង​រង្វង់តែត្រឹម១% ប៉ុណ្ណោះក្នុងមួយឆ្នាំ។

លោកស្រីបណ្ឌិត ជា សិរី បានបន្តថា ស្ថិរភាពអត្រាប្តូរប្រាក់ បានរួមចំណែករក្សាស្ថិរភាពថ្លៃ និង ការពារ អំណាចទិញ​របស់ប្រាក់រៀល ជាពិសេសប្រាក់ចំណូលរបស់មន្រ្តីរាជការ និង ប្រជាជនរស់នៅតាមខេត្តនិងតំបន់ជនបទ ដែលមាន​ប្រាក់​ចំណូលចម្បងជាប្រាក់រៀល។

លោកស្រី ទេសាភិបាលរងបានបញ្ជាក់ថា ក្រោមទស្សនវិស័យលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល រាជរដ្ឋាភិបាល​និងធនាគារ​ជាតិនៃ​កម្ពុជាបានសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីគាំទ្រតម្រូវការប្រាក់រៀល និងធ្វើឱ្យប្រាក់រៀលកាន់តែងាយ​ស្រួលប្រើប្រាស់​នៅក្នុង​ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់អាជីវកម្ម។

លោកស្រី បណ្ឌិត ជា សិរី បានបន្តទៀតថា នៅក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ ដោយការកិច្ចខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ប្រាក់រៀល ចរាចរណ៍បានកើនឡើង ជាលំដាប់ក្នុងអត្រាកំណើនប្រចាំឆ្នាំ ១៦,៦%៕