អន្តរជាតិ

អាម៉េរិកទ្រាំលែងបានបញ្ចេញយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ B-52លើឧបទ្វីបកូរ៉េ

ទន្ទឹមនឹងភាពតានតឹងមិនបានថមថយចុះនៅឧបទ្វីបកូរ៉េ សហរដ្ឋអាម៉េរិកបានបញ្ចេញនូវ​យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត B-52 ដែលមានសមត្ថភាពទម្លាក់គ្រាប់នុយក្លេអ៊ែរ​បង្ហាញសាច់ដុំកំញើញកូរ៉េខាងជើង។

ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ បានចូលរួមក្នុងសមយុទ្ធដែនអាកាសរួមគ្នាជាមួយយន្តហោះចម្បាំងអាម៉េរិកនិងកូរ៉េខាងត្បូងនៅលើឧបទ្វីបកូរ៉េកាលពីថ្ងៃពុធទី ៥ ខែមេសា ឆ្នាំ២០២៣។ វាគឺជាការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52 លើកដំបូងបង្អស់របស់អាម៉េរិកទៅកាន់ឧបទ្វីបកូរ៉េក្នុងរយៈពេលមួយខែ។ ឧត្តមសេនីយ៍ឯក Park Ha-sik មេបញ្ជាការប្រតិបត្តិការទ័ពអាកាសកូរ៉េខាងត្បូងនៅក្នុងសមយុទ្ធបានមានប្រសាសន៍ថា “នេះបានបង្ហាញពីការតាំងចិត្តដ៏រឹងមាំនៃសម្ព័ន្ធភាពកូរ៉េខាងត្បូង-អាម៉េរិក និងការត្រៀមខ្លួនដ៏ល្អឥតខ្ចោះដើម្បីឆ្លើយតបទៅនឹងការបង្កហេតុណាមួយដោយប្រទេសកូរ៉េខាងជើងយ៉ាងឆាប់រហ័ស និងលើសលប់”។

យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក បាននិងកំពុងពង្រីកសមយុទ្ធយោធារួមគ្នារបស់ពួកគេ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ សហរដ្ឋអាម៉េរិកបានបញ្ជូនទាំងនាវាផ្ទុកយន្តហោះ USS Nimitz ដើរដោយថាមពលនុយក្លេអ៊ែរសម្រាប់ការហ្វឹកហ្វឺនកងទ័ពជើងទឹកជាមួយកូរ៉េខាងត្បូងកាលពី សប្តាហ៍មុន និងសមយុទ្ធប្រឆាំងនាវាមុជទឹកអាម៉េរិក-កូរ៉េខាងត្បូង-ជប៉ុនក្នុងសប្តាហ៍នេះ ដោយមើលឃើញពីការបង្កហេតុមិនចេះឈប់ពីកូរ៉េខាងជើង។

កាលពីថ្ងៃទី៦ ខែមីនា អ្នកនាង Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង Kim Jong Un បានព្រមានថាប្រទេសរបស់នាងបានត្រៀមខ្លួនជាស្រេចដើម្បី “ចាត់វិធានការដ៏លើសលប់” យ៉ាងឆាប់រហ័សប្រឆាំងនឹងអាម៉េរិក និងកូរ៉េខាងត្បូង។ រដ្ឋរបស់នាងមិនខ្លាចនឹងធ្វើសង្រ្គាមជាមួយអាម៉េរិកនោះទេ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា