អន្តរជាតិ

សំណុំរឿងក្តីដូណាល់ត្រាំអាចនឹងប្រើពេលច្រើនឆ្នាំទៅមុខទៀត

អតីតរដ្ឋអាជ្ញាសហព័ន្ធអាម៉េរិកបានបញ្ជាក់ថា សំណុំរឿងក្តីក្ដាំដ៏ល្បីកំពុងតែផ្ទុះក្នុងសហរដ្ឋអាម៉េរិក ចោទប្រកាន់អតីតប្រធានាធិបតីដូណាល់ត្រាំ អាចនឹងប្រើពេលច្រើនឆ្នាំទៅមុខទៀត អាចនឹងតតាំងរហូតដល់ឆ្នាំ២០២៥ក៏ថាបាន។

សំណុំរឿងក្តីក្តាំកំពុងផ្ទុះក្នុងសហរដ្ឋអាម៉េរិក ក៏ដូចជាពិភពលោកនេះ ហាក់មានភាពស្មុគស្មាញ និងមិនងាយនឹងបញ្ចប់ស្រេចបាច់ឡើយ ខណៈដែលភាគីដើមចោទបានបន្តរកឃើញនូវភ័ស្តុតាង និងបានចោទប្រកាន់លោកត្រាំជាច្រើនបទល្មើសជាបន្តបន្ទាប់។ ក្នុងសវនការថ្ងៃអង្គារសប្តាហ៍នេះ គាត់ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្មចំនួន ៣៤ និងកំពុងប្រឈមនឹងការចោទប្រកាន់ករណីផ្សេងទៀត។ អតីត​រដ្ឋអាជ្ញា​សហព័ន្ធ​ Renato Mariotti បាន​ប្រាប់ទូរទស្សន៍ BBC ថា ករណី​ផ្លូវច្បាប់​ប្រឆាំង​នឹង​លោក Donald Trump ទំនង​ជា​មិន​អាច​បញ្ចប់​បាន​លឿននោះទេ។ លោកបាននិយាយថា ករណីនេះអាចនឹងបន្តរហូតដល់ឆ្នាំ ២០២៥ ឬអាចយូរជាងនេះទៀត។ Mariotti បន្តនិយាយថា “ខ្ញុំគិតថាករណីផ្សេងទៀតនឹងទាក់ទាញចំណាប់ អារម្មណ៍ខ្លាំងជាងករណីអស់ទាំងនេះទៀត ព្រោះវានឹងពិបាកខ្លាំងសម្រាប់គាត់ដើម្បីដោះស្រាយ”។

យ៉ាងណាក៏ដោយ ក្រឡេកមកឯស្ថានភាពលោកត្រាំហាក់ដូចជាមិនមានការភ័យព្រួយទាល់តែសោះ។ បន្ទាប់ពីបញ្ចប់សវនការដ៏ក្តៅគគុកនៅទីក្រុងញូយ៉កភា្លមៗ និងបដិសេធនូវរាល់ការចោទប្រកាន់ មានការជ្រោមជ្រែងពីមេធាវីជើងខ្លំាងៗ ដូណាល់ត្រាំបានធ្វើដំណើរត្រឡប់ទៅកាន់រដ្ឋផ្លរីដាវិញ និងបានបញ្ចេញសុន្ទរកថាកេណ្ឌកម្លាំងយ៉ាងអង់អាចទៅកាន់អ្នកគាំទ្ររបស់លោក។ លោកត្រាំនិយាយថា “បើលោកជាប្រធានាធិបតីឥឡូវនេះ ម្ល៉េះនឹងមិនសមមានរឿងបែបនេះឡើយ”។ លោកថា “សហរដ្ឋអាម៉េរិករញ៉េរញ៉ៃណាស់ ប្រទេសនេះកំពុងដើរចូលនរកហើយ”។ សូមរំលឹកជាថ្មីថា បទចោទប្រកាន់ដំបូងលើលោកត្រាំរឿងប្រើលុយបំបិទមាត់តារាស្រីអាសអាភាសក្នុងអំឡុងយុទ្ធនាការបោះឆ្នោតឆ្នាំ២០១៦ បានធ្វើឲ្យលោកដូណាល់ត្រាំអាប់ឱនកត្តិយសយ៉ាងខ្លាំង ជាប់ឈ្មោះ ក្នុងប្រវត្តិសាស្រ្តអាម៉េរិកជាអតីតប្រធានាធិបតីដែលរងការចោទពីបទឧក្រិដ្ឋ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា