អន្តរជាតិ

សត្វប្រជៀវបានខាំជនជាតិអាម៉េរិកម្នាក់ស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល

ដោយ៖ សហការី

មន្ត្រីសុខាភិបាលអាម៉េរិកបានឲ្យដឹងថា សត្វប្រជៀវបានខាំជនជាតិអាម៉េរិកម្នាក់ស្លាប់បង្កឲ្យ​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

បុរសអាយុ ៨៤ឆ្នាំម្នាក់ត្រូវបានប្រជៀវខាំដៃ ហើយគាត់បានវាយប្រជៀវនោះចេញ រួចក៏ប្រញាប់ទៅលាងដៃជាមួយសាប៊ូ មុននឹងគាត់ត្រឡប់មកដេកជាមួយប្រពន្ធវិញ។ ក្រោយមកបុរសនោះ និងប្រពន្ធរបស់គាត់ត្រូវបានទទួលការចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត និងការចាក់វ៉ាក់សាំងការពារ។ ៥ខែក្រោយមកបុរសចំណាស់ខាងលើបានត្រឡប់ទៅមន្ទីរពេទ្យវិញ ដោយបានត្អូញត្អែរពីការឈឺចាប់ធ្ងន់ធ្ងរលើមុខរបួស ផ្នែកខាងស្តាំនៃមុខរបស់គាត់ និងមានការហូរទឹកភ្នែកយ៉ាងខ្លាំង។

គាត់បានប្រាប់ទៅគ្រូពេទ្យថា​ ការឈឺចាប់លើផ្ទៃមុខកាន់តែធ្ងន់ធ្ងរទៅៗ ហើយគាត់ក៏ចាប់ផ្តើម​បែកញើសនៅពេលយប់ ភ្នែកខាងស្តាំឡើងក្រហម ស្ពឹកមុខ និងឈឺត្រចៀកខាងឆ្វេង។ តាមការ​ពិនិត្យ​បន្ថែម​ទៀត​បាន​បង្ហាញ​ថា បុរស​នោះ​មាន​ជំងឺ​រលាក​ខួរក្បាល ឬ​ហើម​ខួរក្បាល និង​ខួរ​ឆ្អឹងខ្នង ហើយគាត់បានកើតគ្រុនក្តៅដោយកម្ដៅខ្លួនឡើងដល់ ១០៣.១F (៣៩.៥អង្សាសេ)។

គ្រូពេទ្យជំនាញបញ្ជាក់ថា មនុស្សអាចឆ្លងមេរោគដោយពពួកសត្វមានមេរោគឆ្កួតដូចជាសត្វប្រចៀវ សត្វរ៉ាក់ខូន ស្គន់ និងសត្វកញ្ជ្រោង ជាធម្មតាវាឆ្លងតាមរយៈទឹកមាត់របស់សត្វដែលមានមេរោគ។ គ្រូពេទ្យបន្តថា ជាទូទៅរោគសញ្ញាចាប់ផ្តើមមានប្រតិកម្មពី ៣ទៅ៨ សប្តាហ៍បន្ទាប់ពីឆ្លងមេរោគ ហើយមានអាការក្តៅខ្លួន ឈឺក្បាល ចុករោយតាមសាច់ដុំ និងលំបាកក្នុងខ្លួន ហើយ​បន្ទាប់មកមានអារម្មណ៍​ច្របូកច្របល់ ​វង្វេងវង្វាន់​ ខ្វិនដៃជើង និង​សន្លប់បាត់ស្មារតី។

បើយោងតាមរបាយការណ៍ថ្មីមួយដែលបានចេញផ្សាយ នៅក្នុងទិនានុប្បវត្តិនៃជំងឺឆ្លងបានឲ្យដឹងថា គាត់បានស្លាប់ក្នុងរយៈពេល១៥ថ្ងៃក្រោយមក បន្ទាប់ពីរងនូវជំងឺហើមខួរក្បាល និងខួរឆ្អឹងខ្នងយ៉ាងធ្ងន់ធ្ងរ។ នេះជាករណីដំបូងគេនៅសហរដ្ឋអាម៉េរិកដែលអ្នកជំងឺឆ្កែឆ្កួតបានស្លាប់ បន្ទាប់ពីបានទទួលការព្យាបាលដោយចាក់ថ្នាំបង្ការក្នុងលក្ខណៈ “ទាន់ពេលវេលា និងសមស្របមួយ”។ ចំណែកមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លង (CDC) បានឲ្យដឹងដែរថា ជាធម្មតាមានមនុស្សស្លាប់ពី ២ទៅ៣នាក់ដោយសារជំងឺឆ្កែឆ្កួត ដែលត្រូវបានរាយការណ៍នៅក្នុងសហរដ្ឋអាម៉េរិកជារៀងរាល់ឆ្នាំ។

សូមជម្រាបថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០ ប៉ុន្តែជនជាតិអាម៉េរិកនោះមិនបានធ្លាក់ខ្លួនឈឺឡើយ លុះជាង៥ខែក្រោយទើបគាត់ជួបបញ្ហាសុខភាព ដោយជំងឺនោះបានរើឡើង។ នៅក្នុងឆ្នាំ ២០២១ ជាកាលបរិច្ឆេទចុងក្រោយបំផុតមានអ្នកស្លាប់ចំនួន ៥នាក់ ដែលត្រូវបានគេកត់ត្រា ហើយក្នុងនោះមានបុរសអាយុ ៨៤ឆ្នាំម្នាក់ និងក្មេងប្រុសអាយុ ៧ឆ្នាំម្នាក់ផងដែរ៕