អន្តរជាតិ

រុស្ស៊ីគ្រោងបញ្ជូនទ័ពខ្លួនជិត២ពាន់នាក់ពីបេឡារុសទៅភាគខាងកើតអ៊ុយក្រែន

មានសេចក្តីរាយការណ៍ពីអ៊ុយក្រែនថា រុស្ស៊ីគ្រោងនឹងបញ្ជូនទ័ពប្រមាណជិត ២០០០នាក់ពីប្រទេសបេឡារុសទៅកាន់គោលដៅភាគខាងកើតប្រទេសអ៊ុយក្រែន។

យោងតាមប្រភព Andrii Demchenko ជាអ្នក​នាំពាក្យ​នៃ​សេវា​ឆ្មាំ​ព្រំដែន​រដ្ឋ​អ៊ុយក្រែន​ក្នុង​សន្និសីទ​សារព័ត៌មានដែលត្រូវបានដកស្រង់នៅថ្ងៃពុធទី ៥ ខែមេសាថា៖ “យើងដឹងថាវិធានការដកផ្នែកខ្លះនៃយោធារុស្ស៊ីពីបេឡារុសទៅកាន់ទឹកដីរុស្ស៊ីបានចាប់ផ្តើមហើយ។ យើង​បាន​រាយការណ៍​ពីមុន​ថា មាន​ទាហាន​រុស្ស៊ី​ប្រហែល ៤០០០ នាក់​នៅលើ​ទឹកដី​បេឡារុស។ ប៉ុន្តែចំនួនរបស់ពួកគេនឹងថយចុះវិញ បន្ទាប់ពីវិធានការដែលបានចាប់ផ្តើមនៅពេលនេះ។ យោងតាមព័ត៌មានដែលយើងមាន ទាហានរុស្ស៊ីមានប្រហែល ២០០០ នាក់នឹងចាកចេញពីប្រទេសបេឡារុស ដែលរុស្ស៊ីគ្រោងនឹងចូលរួមក្នុងអរិភាពនៅភាគខាងកើតអ៊ុយក្រែននាពេលខាងមុខ ដើម្បីពង្រឹងក្រុមរបស់ខ្លួនឡើងវិញ”។

ព័ត៌មានលំអិត៖ យោងតាមអ្នកនាំពាក្យនៃសេវាឆ្មាំព្រំដែនរដ្ឋអ៊ុយក្រែនបានប្រាប់ថា យ៉ាងណាក៏ដោយគ្មានអ្វីផ្លាស់ប្តូរគួរឲ្យកត់សម្គាល់នៅក្នុងសកម្មភាពរបស់អង្គភាពនៃកងទ័ពបេឡារុស ដែលឈរជើងនៅតាមព្រំដែនជាមួយអ៊ុយក្រែនឡើយ។ ហើយពួកគេស្ថិតនៅចម្ងាយជាក់លាក់មួយពីព្រំដែនអ៊ុយក្រែន៕

ប្រភព៖  Ukrainska Pravda

ប្រែសម្រួល៖សុខ តុលា