សន្ដិសុខសង្គម

រថយន្តស៊ីទែនហ្គាសបើកគេចពីឧបសគ្គខាងមុខបណ្តាលឱ្យក្រឡាប់

ភ្នំពេញ​៖​រថយន្តដឹកស៊ីទែនហ្គាសពេលកំពុងបើកបរ បានគេចពីឧបសគ្គនៅខាងមុខបណ្តាលឱ្យ​ក្រឡាប់រងការខូចខាតយ៉ាងដំណំ តែមិនបង្កឱ្យផ្ទុះ ឬគ្រោះថ្នាក់ដល់មនុស្សទេ។ ហេតុការណ៍បានកើតឡើងនៅម្តុំរង្វង់មូលផ្លូវល្បឿនលឿននិងផ្លូវឈ្នះ​ ឈ្នះ​ ស្ថិតក្នុងសង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ ​កាលពីព្រឹកថ្ងៃទី៦ ខែមេសា។

សាក្សីបានឱ្យដឹងថា​ មុនកើតហេតុរថយន្តដឹកស៊ីទែនហ្គាស​ ផ្លាកលេខភ្នំពេញ3E- 0584 បើកតាមមហាវិថីឈ្នះ​ឈ្នះ​ ពីជើងទៅត្បូង។

មកដល់រង្វង់មូលស្រាប់តែមានរថយន្តមួយគ្រឿងបើកចុះពីផ្លូវល្បឿនលឿនធ្វើឱ្យរថយន្តដឹកហ្គាសបួងបង្កូតក៏ក្រឡាប់តែម្តង។តែក្នុងករណីនេះមិនបានធ្លាយហ្គាស ឬឱ្យផ្ទុះ​បង្កគ្រោះថ្នាក់ធំទៀតទេ។ បន្ទាប់ពីនោះសមត្ថកិច្ចបានចុះទៅពិនិត្យឃើញមានការខូចខាតផ្លូវក៏ប្រគល់ឱ្យក្រុមហ៊ុនផ្លូវល្បឿនលឿនដើម្បីដោះស្រាយ៕ដោយ៖វិចិត្រ