សន្ដិសុខសង្គម

រថយន្តបុកជាមួយម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង

បន្ទាយមានជ័យ៖រថយន្តម៉ាកតូយូតាព្រូស បានបុកជាមួយម៉ូតូពេញទំហឹង បណ្តាលឱ្យម៉ូតូដាច់ជា២កំណាត់និងធ្វើឱ្យអ្នកបើកបរស្លាប់ភ្លាម រីឯតៃកុងរថយន្តបានរត់គេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃទី៥ ខែមេសា។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតជាកម្មករសំណង់ឈ្មោះ ខ្មាក់ អាយុ២០ឆ្នាំនៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

មុនកើតហេតុរថយន្តម៉ាកព្រូសផ្លាកលេខបន្ទាយមានជ័យ A2-9222បើកពីកើតទៅលិច។ ចំណែកម៉ូតូម៉ាកM បើកបរក្នុងទិសដៅបញ្ច្រាសគ្នា។មកដល់កន្លែងខាងលើស្រាប់តែរថយន្តបានរេចង្កូតមកបុកម៉ូតូពេញទំហឹង​ បណ្ដាលឱ្យម៉ូតូដាច់ជា២កំណាត់ប៉ើងធ្លាក់ចូលប្រឡាយនិងធ្វើឱ្យអ្នកបើកម៉ូតូស្លាប់មួយរំពេច រីឯរថយន្តខូចខ្ទេចផ្នែកខាងមុខ ហើយតែកុងបានចុះរត់គេចខ្លួនបាត់៕ដោយ៖វិចិត្រ